
តាមការសន្និដ្ឋានដំបូង អ្នកដែលក្លែងបន្លំតេឡេក្រាមនាយករដ្ឋមន្ត្រីមានមូលដ្ឋាននៅបរទេសគឺជាជនបោកប្រាស់តាមអ៉ិនធើណិត
ភ្នំពេញ៖ ជំនួយការនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា បានធ្វើការពិនិត្យទៅលើអ្នកដែលក្លែងបន្លំតេឡេក្រាមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងបានសន្និដ្ឋានថាគឺជាជនបរទេសដែលមានមូលដ្ឋាននៅស្រុកក្រៅ។ លោកថា គោលបំណងនៃការក្លែងបន្លំនេះគឺអាចទាក់ទងជាមួយនឹងការបោកប្រាស់មនុស្សតាមប្រព័ន្ធតេលេក្រាម។
លោក ដួង តារា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះថា ជនដែលបានក្លែងបន្លំគឺបាន Hack យកអាខោនដែលមាន profile @hunsen24 ពីអ្នកក្នុងស្រុកខ្មែរ។ លោកបន្ថែមថាជននេះអាចគិតថាម្ចាស់ profile នោះ (HUN SEN ) ជាអ្នកមានទ្រព្យធូរធារ ទេីបយក profile នោះមក Scam ដេីម្បីបោកមនុស្សទូទៅអោយលេង buy stock ប៉ុន្តែមិនទាក់ទាញផ្នែកនយោបាយឡេីយ។ Account នេះលាក់ (hiden) មិនអោយដឹងលេខទូរស័ព្ទ។ មនុស្សអាក្រក់ៗអាចនឹងបង្កេីត fake account ដូចនេះច្រេីនដែលបង្ករការរំខាន។
ក្រោយពីលោក ឌួង តារា បានទាក់ទងសាកសួរជនដែលក្លែងបន្លំនេះបានផ្លាស់ប្ដូរឈ្មោះតេឡេក្រាមរបស់ខ្លួនទៅជា Kluth Phearith និងបានដូររូបភាពផងដែរ។
លោក ឌួង តារា បញ្ជាក់ថា៖ «បាទសម្តេច account telegram. HUN SEN / @hunsen24 បានលុបចេញ ដូរឈ្មោះថ្មីហេីយ ដោយសារខ្ញុំបាទប្រាប់វាថា ខ្ញុំបាទមិនជឿទេ ។ វាខំល្បួងខ្ញុំបាទអោយទិញ វិនិយោគ Stock តាមរយៈវាថាបានចំណេញច្រេីន។ ខ្ញុំបាទប្រាប់ថា ខ្ញុំស្គាល់នាយករដ្ឋមន្រ្តីខ្មែរច្បាស់ណាស់ គាត់មិនធ្វេីដូច្នេះទេ។ ខ្ញុំបាទប្រាប់វាអោយបង្ហាញរូបពិតខ្ញុំបាទនឹងទិញ $200…ហេីយបន្ទាប់មកខ្ញុំបាទក៏ឈប់ឆ្លេីយសារវា… ប៉ុន្មានម៉ោងមកវាក៏ផ្ញេីសារមកខ្ញុំបាទឈ្មោះថ្មី Kluth Phearith មានទាំងអាជ្ញាប័ណ្ណវិនិយោគថាពិតប្រាកដទៀតផង»។
លោកបានបញ្ជាក់ប្រាប់សម្ដេចតេជោថា ពួកនេះជា hacker ដេីរ scam ពលរដ្ឋយកលុយ.. ជាពិសេសអ្នកដែលលោភចង់បានលុយច្រេីនភ្លាមៗតាមរយៈវិនិយោគតិច បានចំណេញច្រេីនតាម online. ទោះបីមិនដឹងថាមុខមាត់អ្នកណែនាំដូចម៉្តេចក៏ចេះតែជឿតាមគេ។
កាលពីព្រឹកថ្ងៃទី១២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានព្រមានអនុវត្តច្បាប់លើអ្នកដែលក្លែងគណនីតេឡេក្រាមដែលដាក់ឈ្មោះថា HUN SEN 24 និងបញ្ជាឱ្យម្ចាស់គណនីនេះឲ្យលុបចេញជាបន្ទាន់។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចថា៖ «មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម (telegram) របស់ខ្ញុំដោយយករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
គួរឱ្យដឹងថា បច្ចុប្បន្នសម្ដេចតេជោមាន Channel Telegram ផ្លូវការតែមួយប៉ុណ្ណោះដែលមានឈ្មោះ Prime Minister Hun Sen។
ក្រៅពីតេឡេក្រាមផ្លុវការសម្ដេចក៏មានបណ្ដាញសង្គមចំនួន២ ជាផ្លូវការផងដែរដែលមាន Facebook Page សម្រាប់បង្ហោះនូវកិច្ចការងាររបស់សម្ដេច និងInstagram ដែលសម្រាប់បង្ហោះពីសកម្មភាពផ្ទាល់ខ្លួនរបស់សម្ដេចនិងក្រុមគ្រួសារ។
កាលពីពេលថ្មីៗនេះកូនប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ម៉ានី ក៏ត្រូវបានពួកបោកប្រាស់នេះប្រើប្រាស់រូបភាពនិងឈ្មោះនៅក្នុងបណ្ដាញតេឡេក្រាមផងដែរ៕