លោកស្រី ជូ ប៊ុនអេង៖ យើងឈឺចាប់ណាស់ដែលឧក្រិដ្ឋជនយកទឹកដីកម្ពុជាជាកន្លែងប្រព្រឹត្តិការជួញដូរមនុស្ស
ភ្នំពេញ៖ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដួរមនុស្ស លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ក្នុងនាមជាអ្នកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រីមានការឈឺចាប់ដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ទឹកដីកម្ពុជាជាកន្លែងជួញដូរមនុស្សហើយត្រូវបានបណ្ដាញសារព័ត៌មានយកទៅផ្សព្វផ្សាយទូទាំងពិភពលោក។ លោកស្រីស្នើឱ្យមានកិច្ចសហការបន្ថែមទៀតរវាងប្រព័ន្ធផ្សព្វផ្សាយនិងគណៈកម្មាធិការដើម្បីដោះស្រាយក៏ដូចជាបង្ហាញនូវវិធានការរបស់រដ្ឋាភិបាលលើបញ្ហានេះ។
ថ្លែងក្នុងសន្នីសិទព័ត៌មាន «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» ព្រឹកថ្ងៃសុក្រ ទី១២ ខែសីហានេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការជួញជូរមនុស្សដែលលោកស្រីថាមានលទ្ធផលល្អនឹងពេញចិត្ត។ ទោះជាយ៉ាងណាលោកស្រីក៏បានបង្ហាញការខកចិត្តដែរចំពោះការផ្សព្វផ្សាយព័ត៌មានដែលរកឃើញថាឧក្រិដ្ឋជនជួញដូរមនុស្សប្រើប្រាស់ទឹកដីប្រទេសកម្ពុជាធ្វើសកម្មភាពឧក្រិដ្ឋននេះ។
លោកស្រីថា៖ «ចំពោះយើងខ្ញុំដែលធ្វើការលើអំពើជួញដូរមនុស្សគឺយើងឈឺចាប់ខ្លាំងណាស់! ពីព្រោះយើងគិតថាយើងខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារប្រជាពលរដ្ឋមិនឱ្យរងគ្រោះពីអំពើជួញដូរមនុស្ស។ តែទីបំផុតគេនៅតែយកទឹកដីកម្ពុជាដើម្បីមកធ្វើបទល្មើសឱ្យយើងប្រឈមជាមួយនឹងបទល្មើសនេះទាល់តែបាន»។
លោកស្រីទទួលស្គាល់ថាកម្ពុជាមិនមែនជាប្រទេសដែលមានសក្ដានុពលគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងបទល្មើសគ្រប់បែបយ៉ាងទេ ប៉ុន្ដែព្យាយាមយកបញ្ហានេះជាអទិភាពដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាហើយការប្រឆាំងបទល្មើសគឺជាអាទិភាពទី១។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ ដោយបានចាត់ថ្នាក់ប្រទេសកម្ពុជាចូលចំណាត់ថ្នាក់ទី៣ ដែលជាចំណាត់ថ្នាក់ទាបបំផុតនៃកិច្ចការពារការជួញដូរមនុស្ស ដោយបានលើកឡើងថាប្រទេសនេះមិនបានបំពេញតាមស្ដង់ដារអប្បបរមាបានពេញលេញសម្រាប់លុបបំបាត់ការជួញដូរមនុស្ស និងមិនមានកិច្ចខិតចំប្រឹងប្រែងសំខាន់ៗដើម្បីដោះស្រាយបញ្ហានេះ។
ទាក់ទងនឹងករណីនេះ លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ចំពោះសំណួររបស់ EAC News ដោយថាការវាយតម្លៃនេះពិតជាបានប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ហើយលោកស្រីក៏មិនដឹងថាសហរដ្ឋអាមេរិកនឹងមានចំណាត់ការនោះទេក្រោយពីប្រទេសនេះចេញរបាយការណ៍របស់ខ្លួនតែបានបញ្ជាក់ថា «ការពិតគឺនៅតែជាការពិត»។
លោកស្រីថា៖ «អ្នកធ្វើជាមួយបានដឹងថាយើងកំពុងធ្វើអី? គាត់តែងតែមកប្រាប់យើងខ្ញុំថាបន្តការងារទៀតទៅ ហើយសូម្បីតែអគ្គរដ្ឋទូតអាមេរិកក៏គាត់ប្រាប់ដែរថា Don’t Give Up គាត់ថាធ្វើតទៅទៀត កុំអស់សង្ឃឹម។ អញ្ចឹងមានន័យថាត្រង់ថាគេដាក់ទណ្ឌកម្មយ៉ាងណាយើងអត់ដឹងទេប៉ុន្ដែគ្រាន់តែមានការប្ដេជ្ញាចិត្តមួយរួមគ្នាសូម្បីតែអង្គការសហប្រជាជាតិក៏ដោយដែលមកធ្វើការជាមួយកម្ពុជាឬមួយក៏អង្គការដៃគូរជាតិអន្តរជាតិក៏ដោយគាត់តែងតែផ្ដល់ការលើកទឹកចិត្តថាកុំបារម្ភយើងខ្ញុំនៅតែរួមដំណើរជាមួយគ្នា»។
គួរឱ្យដឹងផងដែរថា ក្នុងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកសម្រាប់តំបន់អាស៊ានក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសប្រ៊ុយណេ គឺសុទ្ធតែត្រូវបានដាក់ក្នុងចំណាត់ថ្នាក់លេខ៣ទាំងអស់ជាមួយនឹងប្រទេស និងតំបន់ចំនួន១៨ផ្សេងទៀត៕
PHOTO: EAC NEWS