ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានបក្សហ៊្វុនស៊ិនប៉ិច
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានប្រកាសជាផ្លូវការទទួលស្គាល់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីទី៣ របស់សម្តេចក្រុមព្រះ ជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។
សេចក្ដីប្រកាសទទួលស្គាល់នេះចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន កាលពីថ្ងៃទី១០ ខែសីហា ម្សិលមិញដោយបានលើកឡើងថា៖ «ទូលបង្គំសូមថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជ្រាបថា ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវការជូនដំណឹងអំពីការតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈលិខិតដូចបានចុះក្នុងយោងខាងលើ។ ពាក់ព័ន្ធនឹងករណីនេះក្រសួងមហាផ្ទៃស្នើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវអនុវត្តឱ្យស្របតាមខ្លឹមសារកំណត់ក្នុងប្រការ៥៩ថ្មី (ស្ទួន) នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ»។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីទី៣ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាព្រះអនុជរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបច្ចុប្បន្ន ។
អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានចូលទីវង្គត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធនៅប្រទេសបារាំង៕