ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ព្រះរាជអាជ្ញាចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈតាមបណ្ដឹងរបស់ គ.ជ.ប

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សមាជិកជាន់ខ្ពស់នេះគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាបណ្ដឹងទីពីរដែលអយ្យការចោទប្រកាន់លើលោកបន្ទាប់ពីបណ្ដឹងរបស់គណបក្សប្រជាជន។

ក្នុងដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ចុះថ្ងៃទី៩ ខែសីហា ព្រះរាជអាជ្ញា ប្លង់ សុផល បានយល់ឃើញថា លោក ស៊ុន ឆ័យ ពិតជាបានទទួលស្គាល់នូវបទសម្ភាសន៍របស់ខ្លួនក្នុងកម្មវិធីអាយឌាថករបស់សារព័ត៌មានខេមបូឌាដេលី ដែលបានបង្ហាញនូវធាតុផ្សំនៃបទល្មើស និងមានភស្ភុតាជាក់លាក់ដាក់បន្ទុក ដែលបង្ហាញថាលោក សុន ឆ័យ អាយុ ៦៦ឆ្នាំ ពិតជាមានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ចោទប្រកាន់។

លោក ប្លង់ សុផល បានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញាត្តិមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជាឱ្យបញ្ជូនទៅលោក និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះតាមច្បាប់ផងដែរ។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យប្ដឹង លោក សុន ឆ័យ ទៅតុលាការដោយចោទថាបានបរិហារកេរ្តិ៍ជាសាធារណៈតាមរយៈបទសម្ភាសន៍មួយដែលលោកធ្វើជាមួយសារព័ត៌មាន Cambodia Daily។

ក្នុងពាក្យបណ្ដឺងនេះតំណាង គ.ជ.ប គឺសមាជិក គ.ជ.ប លោក ឌឹម សុវណ្ណារុំ និងអគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បានភ្ជាប់ជូនទៅតុលាការនូវ USB Flash មួយដែលផ្ទុកខ្លឹមសារសម្ភាសន៍រវាងពិធីការកាសែត Cambodia Daily លោក តាំង សារ៉ាដា និងលោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

អ្វីដែល គ.ជ.ប យកមកដាក់បន្ទុកនោះមានខ្លឹមសារមួយចំនួនដែលលោក សុន ឆ័យ បានលើកឡើងដូចជា៖ «លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង។ […] យើងមិនចង់ប្រៀបធៀប ដូចចោរលួចគោទ ដូចយើងនិយាយអញ្ចឹង ចោរលួចគោ បើវាលួចគោ៣ ហើយយើងម៉េចមិនឱ្យ វាលួចទាំង ៥ទៅ»។

មានចំណុចមួយចំនួនដែល គ.ជ.ប បានដកស្រង់មាន៖ «មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេសគេមានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹង យកទាហានឱ្យដើរគគ្រឹកគគ្រេងទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិតប្រាកដទេ។ឆ័យ បានចោទប្រកាន់បំភ្លឺខុសពីការពិតថា “...លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ...វាមានការលួច ...ចោរលួចគោ បើវាលួចគោ ៣ ហើយ យើងម៉េចមិនឱ្យវាលួច ទាំង៥ទៅ...វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ»។

គ.ជ.ប បញ្ជាក់ថាការលើកឡើងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និង អព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

គ.ជ.ប ចាត់ទុកការលើកឡើងទាំងនេះបានបំពានដល់រដ្ឋធម្មនុញ្ញាកម្ពុជាមាត្រា ១៥០ថ្មី (ពីរ) មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងមាត្រា ៣០៥ (បទបរិហារកេរ្តិ៍ជាសាធារណៈ)នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

គ.ជ.ប បានសំណូមពរដល់តុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។

ក្រៅពីជាប់បំណ្ដឹងរបស់គ.ជ.ប លោក សុន ឆ័យ ក៏កំពុងជាប់បណ្ដឹងរបស់គណបក្សប្រជាជនក្នុងបទបរិហាកេ្តរិ៍ជាសាធារណៈដូចគ្នា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក