ភ្នំពេញ៖ របាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្មបង្ហាញថា ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ ឬត្រឹមដំណាច់ខែកក្កដាមានរោងចក្របង្កើតថ្មីចំនួន ១១២រោងចក្រ បង្កើតការងារសរុបមានជាង ៧ម៉ឺននាក់ ខណៈក្នុងរយៈពេលដូចគ្នាមានរោងចក្របិទដំណើរការចំនួន៤៧ ដែលធ្វើឱ្យបាត់បង់ការងារជាង ១ម៉ឺន ៦ពាន់នាក់។
ក្រសួងមិនបានបង្ហាញពីការបិទរោងចក្រទាំង ៤៧ដោយមូលហេតុអ្វីនោះទេ ទោះជាយ៉ាងណាបើធៀបរវាងចំនួនបើកនិងបិទ គឺចំនួនរោងចក្រដែលបានបើកថ្មីមានចំនួនច្រើនជាងពាក់កណ្ដាល ខណៈបច្ចុប្បន្នមានរោងចក្រសរុបដែលបើកដំណើរការនៅកម្ពុជាមានចំនួន ១ ៩៤៧រោងចក្រ ដែលផ្ដល់ការងារដល់ពលរដ្ឋសរុបប្រមាណជាង ១លាននាក់ (១ ០៤៤ ២២៦) ក្នុងនោះស្រ្តីមានចំនួន ជិត៨០ម៉ឺននាក់ (៧៩៣ ០២៨) ក្នុងទំហំទុនវិនិយោគប្រមាណជាង ១៥ពាន់លានដុល្លារអាមេរិក។
បើតាមក្រសួងឧស្សាហកម្មតម្លៃបរិមាណផលិតផលដែលត្រូវបានផលិតបានពីឧស្សាហកម្មកម្ពុជាមានតម្លៃប្រមាណ ៧ ៥៧៧លានដុល្លារអាមេរិក ក្នុងនោះនាំចេញបានជាង ៥ ២៦២លានដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងឧស្សហកម្ម លោក ហេង សុខគង់ បានបញ្ជាក់ថាកំណើននៃវិស័យឧស្សាហកម្មគឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺបានកើនឡើងខ្ពស់ដល់ជិត ៤០ភាគរយបើធៀបនឹងវិស័យដទៃ។ លោកបន្ថែមថាវិស័យនេះនឹងកើនឡើងខ្ពស់បន្ថែមទៀតនៅពេលដែលកម្ពុជាជំរុញនូវខ្សែចង្វាក់ផលិតកម្មឱ្យមានលក្ខណៈទំនើប ស្វ័យប្រវត្តិកម្មកាន់តែខ្ពស់នៅពេលខាងមុខ៕