ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ចំពោះមុខស្ថានទូតអាមេរិកប្រចាំកម្ពុជាថា កម្ពុជាទទួលស្វាគមន៍រាល់ការធ្វើវិនិយោគនិងជំនួយពីប្រទេសបណ្ដាប្រទេសនានានៅក្នុងពិភពលោក។ លោកបានឆ្លើយតបទៅនឹងការចោប្រកាន់ថាកម្ពុជាលំអៀងទៅរកចិនថា មិនមែនជាការពិត និងថាបើកម្ពុជាលម្អៀងទៅប្រទេសចិនមែននោះ ប្រហែលជាមិនអាចឃើញការវិនិយោគរបស់ប្រទេសផ្សេងនៅក្នុងទឹកដីកម្ពុជានោះទេ។
លោកថ្លែងបែបនេះនៅក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផលិតរថយន្ត Ford របស់អាមេរិក នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាមានការវិនិយោគច្រើនក្រៅពីប្រទេសចិនដែលយើងអាចឃើញដូចជា ប្រទេសកូរ៉េ ប្រទេសជប៉ុន ហើយថ្មីៗនេះគឺការវិនិយោគរបស់ក្រុមហ៊ុនហ្វតសហរដ្ឋអាមេរិកថែមទៀត។
លោកថា៖ «យើងចង់បានការវិនិយោគរបស់សហរដ្ឋអាមេរិកក្រុមហ៊ុនហ្វតមួយដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកនៅទីនេះមិនត្រឹមតែជួយដល់កំណើនសេដ្ឋកិច្ចប៉ុន្តែវាជួយដោយប្រយោលការយល់ឃើញនៅទំនាក់ទំនងរវាងកម្ពុជា-អាមេរិក។ ទៅដល់ការស្វាគមន៍របស់កម្ពុជាទៅលើគ្រប់ប្រទេសទាំងអស់មិនថាប្រទេសចិនឬប្រទេសណាមួយនោះទេ។ យើងមិនអាចបដិសេធការវិនិយោគឬកិច្ចសហប្រតិបត្តិការលើវិស័យណាមួយពីប្រទេសណាមួយនោះទេគឺយើងស្វាគមន៍ទាំងអស់»។
លោកជឿថា ការសម្រេចបាននូវការសម្ភោធក្រុមហ៊ុនហ្វតរបស់អាមេរិកនៅកម្ពុជានេះ នឹងអាចធ្វើឲ្យមនុស្សមួយចំនួនដែលតែងតែចាទប្រកាន់ថាកម្ពុជាមិនត្រូវជាមួយនឹងអាមេរិកនឹងអន់ចិត្ត។ តែលោកថាមិនគួរអន់ចិត្តនោះទេព្រោះនេះជាប្រយោជន៍របស់ប្រជាជាតិទាំងពីរ។
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការនៃ រោងចក្រដំឡើងរថយន្ត FORD ដំបូងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ជាច្រករបៀងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅដែលមានតម្លៃប្រមាណ ២១លានដុល្លាអាមេរិក។
គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២១ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា មានតម្លៃប្រមាណ ៤១ពាន់លានដុល្លារ ដែលទំហំវិនិយោគពីចិនមានប្រមាណ ១៨ពាន់លានដុល្លា កូរ៉េខាងត្បូងមានតម្លៃជិត ៥ពាន់លានដុល្លារ វៀតណាមមជាង ២,៥ពាន់លានដុល្លារ សិង្ហបុរីជាង ២,៧ពាន់លានដុល្លារជប៉ុនជាង ២,៤ពាន់លានដុល្លារ និងម៉ាឡេស៊ី ជាង ១,៩ពាន់លានដុល្លារ៕