ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងរៀបចំសប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ដើម្បីអបអរសាទរខួប៥៥ឆ្នាំ នៃមិត្តភាពកម្ពុជា-វៀតណាម។
កម្មវិធីនឹងរៀបចំពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយមានការតាំងពិព័ណ៌វប្បធម៌-អប់រំវៀតណាម ដាក់បង្ហាញរូបថតជាង ៥០ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ទេសភាពនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ជាមួយនឹងមូលបទ «បេតិកភណ្ឌនិងការអភិវឌ្ឍមនុស្ស»។
កម្មវិធីនេះធ្វើឡើងដោយការសហការគ្នារវាង ក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក៏សម្រាប់បង្ហាញវប្បធម៌ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ័ង ដាវគឿង បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃម្សិលមិញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ។
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៤ មិថុនា ១៩៦៧ រហូតមកដល់ឆ្នាំ២០២២នេះ គឺមានរយៈពេល៥៥ឆ្នាំហើយ ដោយទំនាក់ទំនងរបស់ប្រទេសទាំងពីរត្រូវបានមើលឃើញថាកាន់តែជិតស្និត និងត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយផងដែរ៕