ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសាររំលែកទុក្ខដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចំពោះមរណភាពម្ដាយក្មេករបស់លោកដែលបានទទួលអនិច្ចកម្មនៅថ្ងៃទី៩ ខែសីហាម្សិលមិញ ក្នុងជន្មាយុ ៩២ឆ្នាំ។
ក្នុងព្រះរាជសារ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសម្ដែងនូវការសោកស្ដាយជាមួយក្រុមគ្រួសារសពនិងបានចាត់ទុកមរណភាពនៃមហាឧបាសិកា ពេន យុត គឺជាការបាត់បង់ម្ដាយ ម្ដាយក្មេក ជីដូន និងជីដូនទួតដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប និងជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួនជាទីគោរពស្រឡាញ់នៃមហាជន។
ម្ដាយក្មេករដ្ឋមន្ត្រីព័ត៌មាន មហាឧបាសិកា ពេន យុត បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែសីហា ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ឧបាសិកា ពេន យុត គឺជាម្ដាយបង្កើតរបស់លោកស្រី ខៀវ ទេព រង្ស៊ី ភរិយារដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ។ មហាឧបាសិកា ពេន យុត គឺជាប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ និងទទួលងារពីសម្ដេចព្រះសង្ឃរាជជា កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភផងដែរ។
បច្ចុប្បន្នសពមហាឧបាសិកា ពេន យុត ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ភូមិលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕