កំពង់ធំ៖ កម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោងរបស់អង្គការទស្សនៈពិភពលោកនឹងបញ្ចប់នៅខែកញ្ញាខាងមុខបន្ទាប់ពីបានអនុវត្តគម្រោង១៦ឆ្នាំរបស់ខ្លួនក្នុងស្រុកមួយនេះ។ ជាលទ្ធផលស្រុកស្ទោងមានការអភិវឌ្ឍន៍ផ្នែកសុខភាព អាហារូបត្ថម្ភការអប់រំ និងកិច្ចការពារកុមារ ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនក្នុងស្រុកនេះជាង ៧៥ ០០០នាក់។
អភិបាលនៃគណៈអភិបាលស្រុកស្ទោង លោក សាយ គឹមឡម បានឲ្យដឹងថាតាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោកបានខិតខំយកចិត្តទុកដាក់ក្នុងស្រុកស្ទោង ជាពិសេសក្នុងឃុំ៣ មានឃុំបន្ទាយស្ទោង ឃុំចំណាលើ និងឃុំទ្រាដែលមាន២៧ភូមិ មានការរីកចម្រើនច្រើន ជាពិសេសលើវិស័យ សុខភាព អាហារូបត្ថម្ភ ការអប់រំ និងកិច្ចការពារកុមារ និងវិស័យផ្សេងៗជាច្រើនទៀត។
លោកបន្តថា៖ «ក្នុងនាមរដ្ឋបាលស្រុក មានសេចក្តី រំភើបរីករាយ ក្រៃលែង និងអរគុណដល់អង្គការទស្សនៈពិភពលោក ដែលបានយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង»។
មន្រ្ដីការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទោង លោក នួន ស៊ីណុល បានលើកឡើងថាការសហការណ៍រវាងអង្គការទស្សនៈពិភពលោក និងការិយាល័យអប់រំស្រុកក៏ដូចជាសាលារៀនក្នុងតំបន់ស្រុកស្ទោងជាពិសេសសាលាគោលដៅ បានធ្វើឱ្យបណ្ណាល័យមានបរិក្ខាគ្រប់គ្រាន់ ហើយលោកគ្រូអ្នកគ្រូនិងសហគមន៍ក៏បានទទួលផលពីការបើកវគ្គបណ្ដុះបណ្ដាលបន្ថែមផងដែរ។
លោកបន្តថា៖ «តាមរយៈកិច្ចសហការណ៍ យើងឃើញថាមានការផ្លាស់ប្រែ ជាពិសេសការអានរបស់កុមារមានភាពប្រសើរ ចំណែកសាលារៀនមានភាពស្រស់ស្អាតជាទីមេត្រីសម្រាប់កុមារ និងអនាម័យរបស់សិស្សក៏មានភាពប្រសើរឡើង»។
អង្គការទស្សនៈពិភពលោកក៏បានឱ្យដឹងផងដែរថាគម្រោងរបស់ខ្លួនបានបង្កើត ជំរុំអំណានចំនួន ៣០នៅក្នុងស្រុកដែលអនុញ្ញាតដល់កុមារលើសពី១ពាន់នាក់បានចូលរួមអាន ព្រមទាំងកែលម្អបណ្ណាល័យចំនួន១៥ ឱ្យជាប់ជាស្តង់ដាផ្ដល់ផលដល់សិស្សានុសិស្សកម្រិតបឋមសិក្សាជាង ២ ៦០០នាក់។
ក្រៅពីនេះគម្រោងក៏បានបង្កើតនូវក្រុមសន្សំសហគមន៍ចំនួន២២ និងសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន២ ដើម្បីបន្តវេនលើកស្ទួយសុខុមាលភាពកុមារ និងកុមារងាយរងគ្រោះ។ តាមការស្ទង់មតិក្នុងឆ្នាំ២០២១ ៨០ភាគរយនៃកុមារ និងក្មេងជំទង់ មានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានការពារពីការរំលោភបំពាន។ ហើយជាង ៩៨%នៃទារកដែលកើតមកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានសម្រាលដោយឆ្មបជំនាញ និង គ្រប់២៧ភូមិគោលដៅបានក្លាយជាភូមិគ្មានការបន្ទោរបង់ពាសវាលពាសកាល និងមានអនាម័យល្អ។
នាយកសាលាបឋមសិក្សាក្អិនលោក ថាំ ប៊ុនថា បានលើកឡើងដែរ៖ «ការគាំទ្រនេះធ្វើអោយមានការរីកចម្រើនខ្លាំង ទាំងផ្នែកបរិស្ថាន ទាំងគុណភាព ហើយជាពិសេសធ្វើអោយសាលារៀនមានការអភិវឌ្ឍយ៉ាងលឿន»។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ក្នុងស្រុកស្ទោងបានរួមគ្នាប្រារព្ធពិធីអបអរសាទរសមិទ្ធផលរបស់សហគមន៍ និងបិទបញ្ចប់គម្រោងកម្មវិធីអភិវឌ្ឍន៍របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជារយៈពេល ១៦ឆ្នាំក្នុងសាលប្រជុំសាលាស្រុកស្ទោងនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។
អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំលោក ព្រឹម រដ្ឋា បានថ្លែងអំណរគុណចំពោះអង្គការទស្សនៈពិភពលោកដែលបានធ្វើឱ្យស្រុកស្ទោងមានការរីកចម្រើន និងប្ដេជ្ញារក្សាសមិទ្ធផលទាំងនេះឱ្យបានល្អប្រសើរ។
លោកថា៖ «តាងនាមខ្ញុំតំណាងឱ្យរដ្ឋបាលខេត្តកំពង់ធំពិតជាមានសេចក្តីសោមនស្សជាអនេកសម្រាប់វត្តមានដ៍យូរអង្វែងរបស់អង្គការទស្សនៈពិភពលោកដែលបានជួយអភិវឌ្ឍសហគមន៍ស្រុកស្ទោងយើងខ្ញុំជាពិសេសក្នុងឃុំគោលដៅទាំង៣ឃុំ និងប្រជាជនដែលបានទទួលផលពីគម្រោងគណនេយ្យភាពសង្គមផងដែរ។ យើងខ្ញុំ និងមន្ទីរ ការិយាល័យជំនាញដែលពាក់ព័ន្ធទាំងអស់នឹងថែរក្សាសមិទ្ធផល និងទទួលខុសត្រូវបន្តការងារអភិវឌ្ឍពីអង្គការដើម្បីសុខុមាលភាពរបស់កុមារ»។
នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក លោក ជេន អ៊ីម៉ានូអែល ហ្គីនទីញ សង្ឃឹមថាសមិទ្ធផលនឹងបន្តរក្សាបើទោះបីជាអង្គការរបស់លោកចាកចេញពីស្រុកនេះក្ដី។
លោកថា៖ «នេះជាសមិទ្ធផលរបស់យើងទាំងអស់គ្នា សហគមន៍ អាណាព្យាបាល និងអាជ្ងាធរ។ យើងសប្បាយចិត្តដែលឃើញកុមារ និងកុមារងាយរងគ្រោះ ទទួលបានសុវត្ថិភាព ការសិក្សារបស់កុមារមានការប្រសើរឡើង សុខភាពកុមារទទួលបានការយកចិត្តទុក្ខដាក់ពីគ្រប់អ្នកពាក់ព័ន្ធ។ យើងសង្ឃឹមថាសមិទ្ធិផលនឹងបន្ត និងរក្សា បើទោះបីជាអង្គការទស្សនៈពិភពលោកចាកចេញក៏ដោយ»។
អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាបានចាប់ផ្តើមការងារ និងកិច្ចប្រតិបត្តិការកម្មវិធីអភិវឌ្ឍន៍តំបន់ប្រចាំស្រុកស្ទោង ក្នុងឆ្នាំ២០០៦ លើផ្នែកសុខភាព អាហារូបត្ថម្ភ ក៏ដូចជាការអប់រំ និងកិច្ចការពារកុមារ។ គិតរហូតមកដល់ពេលនេះគម្រោងបានចំណាយថវិកាជិត ៦លានដុល្លារ ដែលទទួលបានពីប្រជាជននូវែលហ្សេឡង់ តាមរយៈអង្គការទស្សនៈពិភពលោកអន្តរជាតិអូនូវែលហ្សេឡង់ និងពីគម្រោងផ្សេងៗទៀត។ ជាលទ្ធផល ប្រជាជនទទួលផលមាន សរុបជាង ៧៥ ០០០នាក់ ក្នុងនេះមានកុមារ និងកុមារងាយរងគ្រោះសរុបចំនួនជាង ២៦ ០០០នាក់ រួមទាំងកុមារីជាង ១៣ ០០០នាក់៕