ហាណូយ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានអរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងជួយយកអាសារដល់ប្រជាជនកម្ពុជា។ លោកលើកឡើងបែបនេះក្នុងពេលលោកជួបពិភាក្សាជាមួយលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
ក្នុងជំនួបនោះលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក វ៉ វ៉ាន់ធឿង បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនកម្ពុជាវៀតណាម និងបានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម និងបានចូលរួមអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ សម្តែងនូវការអរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយយកអាសារដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈក្នុងនាមជាអ្នកជិតខាងល្អ ទាំងក្នុងគ្រាលំបាក និងការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេស។
កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលមានរយៈពេល៥៥ឆ្នាំហើយមកដល់ពេលនេះ។ ទំនាក់ទំនងប្រទេសទាំងពីរបានពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រដោយកម្ពុជាបានជួយឱ្យវៀតណាមអាចវាយអាមេរិកបង្រួមបង្រួមទឹកដីខាងជើងនិងខាងត្បូងចូលគ្នាឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ខណៈនៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ៕
PHOTO: RAKSMEY9