ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងបង្កើតបណ្ណចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិតសម្រាប់អ្នកទេសចរណ៍បរទេសដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាតំបន់អង្គរច្រើនដង។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហានេះ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួនក្នុងនោះក៏មានបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិតផងដែរ។
លោកថា៖ «បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ( Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង»។
ការចូលទស្សនារមណីដ្ឋានអង្គរបច្ចុប្បន្នមាន៣ជម្រើសសម្រាប់ភ្ញៀវទេសចរណ៍គឺ ចូលទស្សនា១ថ្ងៃ តម្លៃ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង៧ថ្ងៃ តម្លៃ៧២ដុល្លារ។ ទោះជាយ៉ាងណាដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្ពុជា ភ្ញៀវទេសចរណ៍ដែលទិញបណ្ណ១ថ្ងៃ អាចទស្សនាបាន៥ថ្ងៃ ទិញបណ្ណ៣ថ្ងៃ អាចទស្សនាបាន១០ថ្ងៃ និងទិញបណ្ណ៧ថ្ងៃ គឺអាចបន្តចូលទស្សនារមណីរដ្ឋានអង្គរដល់៣០ថ្ងៃ ហើយចំពោះអ្នកទិញបណ្ណទស្សនារយៈពេលវែងគឺអាចចូលទស្សនាបានពី២ខែរហូតដល់១ឆ្នាំ ដែលមានសពុលភាពរហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការលក់បណ្ណទស្សនារមណីដ្ឋានអង្គរបានជាង ៣,៣លានដុល្លារអាមេរិក ដែលបានកើនឡើងជាង១ពាន់ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕