ភ្នំពេញ៖ ក្រសួងទេសចរណ៍កំពុងពិភាក្សាគ្នាគ្រោងលើកសំណើរភ្ជាប់ជើងហោះហើរត្រង់ទៅកាន់កោះ Phu Quoic (កោះត្រល់) ប្រទេសវៀតណាមដោយថា ដើម្បីជំរុញទេសចរណ៍បរទេសមកកាន់កម្ពុជា។
គម្រោងនេះគឺភ្ជាប់ការហោះហើរពីខេត្តសៀមរាប ទៅកាន់កោះត្រល់តែម្ដង។
គម្រោងនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន ក្នុងកិច្ចប្រជុំគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហានេះ នៅរាជធានីភ្នំពេញ។
គួរឱ្យដឹងផងដែរថាឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៥០ម៉ឺននាក់ កើនទ្បើង ៣៩៤.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះខេត្តសៀមរាបទទួលបានទេសចរអន្តរជាតិចំនួន ៦០,៤៣៥នាក់។ គម្រោងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសនៅខេត្តសៀមរាបនេះ គឺដើម្បីជំរុញចលនាទេសចរទៅកាន់គោលដៅទេសចរណ៍នេះបន្ថែម សំដៅឱ្យបានប្រមាណ៥០ម៉ឺននាក់ ឬច្រើនលើសពីនេះនៅឆ្នាំ២០២៣ខាងមុខ៕