តំណាងទ័ពកម្ពុជា-វៀតណាមថាការរឹតចំណងសាមគ្គីភាពគឺជាមូលដ្ឋាននៃភាពរីកចម្រើននិងសន្ដិភាពរវាងប្រទេសទាំងពីរ
ហាណូយ៖ មេបញ្ជាការទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការដែលកងទ័ពនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ដែលថាជាមូលដ្ឋានដើម្បីការពារ និងកសាងប្រទេសទាំងពីរឱ្យបានរីកចម្រើនរុងរឿង។
ក្នុងជំនួបក្នុងពេលដែលមេបញ្ជាការទ័ពជើងគោកកម្ពុជាធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ បានស្វាគមន៍ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលបានធ្វើទស្សនៈកិច្ចនៅពេលនេះ និងបានចូលរួមអបអរសាទរដល់កម្ពុជាដែលទទួលបាននូវជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងការរៀបចំការបោះការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងការរៀបចំប្រារព្ធពិធីរំឭកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។ លោកក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រផងដែរចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។
មេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះបក្សរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។
លោកបានកត់សម្គាល់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងសន្តិសុខ ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
ជារួម សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលកងទ័ពនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ដែលពិតជាបាន ហើយក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
PHOTO: RAKSMEY9