ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សិរីវត្ថា បានឱ្យដឹងថាចំនួនអ្នកទេសចរណ៍ និងដឹកជញ្ជូនតាមអាកាសចាប់ផ្ដើមមានសញ្ញាត្រលប់ទៅរកកំណើនមុនមានការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយដោយផ្អែកលើកត្តាមួយចំនួនគឺកំណើននៃការហោះហើរ និងការភ្ជាប់ជើងយន្តហោះឡើងវិញ។
លោក ស៊ិន ចាន់សិរីវត្ថា បានប្រាប់ EAC News ថា៖ «ការកើនឡើងជាលំដាប់ នៃចំនួនចរាចរណ៍អ្នកដំណើរ និងចំនួនចរាចរណ៍យន្តហោះ (ចំនួនជើងហោះហើរ) នេះជាសញ្ញាមួយដែលបង្ហាញថា យើងកំពុងត្រលប់ទៅរកគន្លងកំណើនឆ្ពោះទៅរកកម្រិតមុនការរាតត្បាតជំងឺជាបណ្តើរៗហើយ»។
បើតាមអ្នកនាំពាក្យរូបនេះចំនួនអ្នកដំណើរតាមផ្លូវអាកាសសរុបនៅគិតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២២ នេះមានចំនួន ជិត១លាននាក់ (៩០៨ ០៥៩នាក់) កើនឡើងជិត ៥០០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នាកាលពីឆ្នាំ២០២១ ជាមួយនឹងចំនួននៃការចរាចរណ៍យន្តហោះ (ចំនួនការចុះចត និងការហោះឡើង) មានចំនួនសរុប ១២,៥៥០ជើង គិតមកដល់បំណាច់ខែកក្កដាឆ្នាំ២០២២ កើនឡើង ១១០ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ទោះជាយ៉ាងណាសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ នេះបានប្រមាណ ៣៤,៥៤៧តោន ថយចុះ ៤,៤៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ជាមួយគ្នានេះលោកបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៦ក្រុមហ៊ុន (ចិន៦ក្រុមហ៊ុន) ដែលស្មើនឹងជាង៥០% ធៀបទៅនឹងឆ្នាំ២០១៩ ដែលបានតភ្ជាប់ការហោះឡើងមកកម្ពុជាឡើងវិញ (នៅឆ្នាំ២០១៩ មានចំនួន ៥១ក្រុមហ៊ុន (51 Airlines) ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសចិនចំនួន១៦)។
អ្វីដែលជាការកត់សម្គាល់នោះគឺកំណាត់ផ្លូវហោះហើរដែលនាំមុខជាងគេនោះគឺ កំណាត់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សិង្ហបុរី-ភ្នំពេញ។
បើតាមលោក ស៊ិន ចាន់សិរីវត្ថា ទោះបីជាមានកំណើននៃការធ្វើដំណើរតាមអាកាសចូលកម្ពុជានៅឆ្នាំ២០២២នេះក្ដី តែបើធៀបទៅឆ្នាំ២០១៩ គឺនៅតែមានការធ្លាក់ចុះជាង ៧០ភាគរយ តែអាស្រ័យដោយវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលលោកមានជំនឿថា យ៉ាងយូរត្រឹមចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ចរាចរណ៍តាមផ្លូវអាកាសក្នុងប្រទេសកម្ពុជានឹងអាចកើតមានឡើងស្មើនឹងចំនួនចរាចរណ៍ឆ្នាំ២០១៩ មុនមានជំងឺរាតត្បាតកូវីដ-១៩៕