តាកែវ៖ សមាជិកព្រឹទ្ធសភា លោកឧកញ៉ា ម៉ុង ឫទ្ធី បានសំដែងការមិនសប្បាយចិត្តពេលឃើញព្រៃឈើភ្នំតាម៉ៅដែលស្ថិតនៅស្រុកកំណើតលោកផងនោះត្រូវបានគេឈូសបំផ្លាញត្រឹមតែប៉ុន្មានថ្ងៃ។ លោកថ្លែងបែបនេះក្នុងពេលដែលលោកដឹកនាំក្រុមការងារចុះដាំដើមឈើឡើងវិញនៅទីតាំងដែលត្រូវក្រុមហ៊ុនឈូសបំផ្លាញ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថាកាលពីក្មេងលោកធ្លាប់បានមកលេងតំបន់ដែលត្រូវគេឈូសឆាយនេះដែលពេលនោះមានព្រៃឈើបៃតងស្រស់បំព្រងនិងបានដិតជាប់ក្នុងអារម្មណ៍ ខណៈលោកបង្ហាញការសោកស្ដាយដែលតំបន់អនុស្សាវរីយ៍នេះត្រូវបានគេឈូសបំផ្លាញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោកថា៖ «ដោយសារតែនេះជាស្រុកកំណើតខ្ញុំ ហើយខ្ញុំពីក្មេងមកធ្លាប់ដើរមកលេងតែនៅហ្នឹងឃើញព្រៃឈើនៅច្រើនខ្ញុំសប្បាយរីករាយណាស់ពីដើមមក។ ហើយដល់ពេលវាអស់ទៅខ្ញុំក៏វាអត់សប្បាយរីករាយដែរ។ អញ្ចឹងបានខ្ញុំបានសុំអនុសាសន៍ពីសម្ដេចថាខ្ញុំសុំយកកូនឈើយកមកដាំឡើងវិញដោយសារតែខ្ញុំមានកូនឈើស្រាប់លោកក៏អនុញ្ញាតអញ្ចឹងខ្ញុំក៏យកមកដាំមក»។
ក្នុងការដាំថ្ងៃនេះមានការចូលពីព្រះសង្ឃ សិស្សានុសិស្ស ក្រុមការងាររបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ក្រុមការងារនៃចុងភៅ សេង ហុកហេង និងពលរដ្ឋមួយចំនួនផងដែរ។
ក្រុមចុងភៅចល័ត សេង ហុកហេង ក្រៅពីចូលរួមជួយដៅដើមឈើហើយក៏មាននាំមកជាមួយនូវម្ហូបអាហារ និងទឹកសុទ្ធសម្រាប់ចែកជូនដល់អ្នកចូលរួម។
តំណាងក្រុមចុងភៅនិយាយថា៖ «សម្រាប់ក្រុមខ្ញុំគឺក្រុមចុងភៅចល័ត សេង ហុកហេង ពួកខ្ញុំមានយកបាយប្រអប់សម្រាប់ចែកជូនបងៗអ្នកស្ម័គ្រចិត្ត ទឹកសុទ្ធ និងជំនួយកម្លាំងក្រុមការងារប្រហែល៤០ ទៅ៥០នាក់ផងដែរ»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានលើកឡើងថា បានបង្ហាញអារម្មណ៍សប្បាយចិត្តក្នុងការចូលរួមដាំដើម្បីនាពេលនេះ។
លោកថា៖ «ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់សម្ដេចដែលលោកបានយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យដាំដើមឈើក៏ដូចជាវិស័យសួនសត្វភ្នំតាម៉ៅនេះគឺខ្ញុំមានសេចក្ដីត្រេកអរទាំងខ្លួនខ្ញុំផ្ទាល់នឹងបងប្អូនខាងសមាគមន៍គឺត្រេកអរនឹងចូលរួមទាំងអស់គ្នា»។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានជំរុញដល់ក្មេងជំនាន់ក្រោយស្រលាញ់ធនធានធម្មជាតិចូលរួមថែរក្សាការពារទាំងអស់គ្នា។
លោកថា៖ «ខ្ញុំគិតថាសឹងតែមិនបាច់និយាយអ្នកជំនាន់ក្រោយមើលតែគំរូអ្នកណាល្អធ្វើតាមទៅ ហើយអ្នកណាអាក្រក់យើងអត់ធ្វើតាមទៅ។ ប្រហែលក្មេងៗវាដឹងហើយ។ អញ្ចឹងខ្ញុំចង់ឱ្យក្មេងៗជាន់ក្រោយធ្វើយ៉ាងណាឱ្យចេះស្រលាញ់ជាតិ ប្រជាជន ជាតិហ្នឹងទឹកដីហើយទឹកដីពោរពេញដោយធម្មជាតិស្រស់បំព្រងអញ្ចឹងទៅ»។
ភ្នំតាម៉ៅដែលមានចំងាយប្រមាណ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសួនសត្វ ៤០០ហិកតា និងផ្ទៃដីទំហំ ២ ៣០០ហិកតាជាព្រៃដែលព័ទ្ធជុំវិញសួនសត្វ។ ហើយក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ហិកតានេះ មាន ១ ៥០០ហិតាត្រូវបានរដ្ឋាភិបាលប្រគល់ជូនក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យបានសម្រេចបញ្ជាឲ្យលុបចោលទាំងអស់នូវការអនុញ្ញាតធ្វើការដោះដូរនិងអភិវឌ្ឍដីភ្នំតាម៉ៅ និងបញ្ចាឲ្យក្រុមហ៊ុនឈូសឆាយត្រូវដាំដើមឈើឡើងវិញ។
សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា៖ «រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម»។
សម្ដេចថាការសម្រេចនេះគឺដោយសារសម្ដេចជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងមានសំណូមពរជាច្រើនពីពលរដ្ឋលើបញ្ហានេះ៕