ភ្នំពេញ៖ យន្តហោះដឹកអត្ដពលិកកីឡាប៉ារ៉ាអូឡាំពិក និងទង់ប៉ារ៉ាអូឡាំពិកបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋមន្ត្រីការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់។
ប្រតិភូកម្ពុជាលោក ហ៊ុន ម៉ានី បានចេញពីយន្តហោះជាមួយទង់ប៉ារ៉ាអូឡាំពិកដែលបក់រវិចមិនឈប់ដោយខ្យល់នៅព្រលានយន្តហោះភ្នំពេញហាក់បានជួយអបអរការធ្វើជាម្ចាស់ផ្ទះនៃកីឡាអាស៊ានប៉ារ៉ាអូឡាំពិកនៅកម្ពុជាឆ្នាំក្រោយ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងស្វាគមន៍អត្តពលិកកម្ពុជាដែលត្រលប់មកវិញ និងអបអរសាទរដែលបានទទួលទង់អាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃនេះ។
ថា៖ «ខ្ញុំសូមជម្រាបជូនថាតាំងពីរនាទីដំបូងយើងមានមោទនភាពណាស់ ហើយសុំកោតសរសើរនិងមានភាពរំភើប ទង់ជាតិរបស់យើងចាប់ផ្ដើមលើកនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ ហើយជនមានពិការភាពរបស់យើងចាប់ផ្ដើមដំណើរការប្រកួតកីឡាដ៏មានសារៈសំខាន់នេះ ដូច្នេះជាមោទនភាពខ្លាំងណាស់ចំពោះជាតិមាតុភូមិរបស់យើង។ ការរីកចម្រើនលើគ្រប់វិស័យទាំងអស់។ វិស័យកីឡារបស់យើងបានងើបឡើងជាបណ្ដើរៗហើយឈានមកដល់ពេលនេះនាំមកភាពជាមោទនភាពដល់ជាតិរបស់យើងជាប្រពៃបំផុត»។
ជាមួយនឹងមោទនភាពនៃការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៉ារ៉ាអូឡាំពិក កីឡាករមានពិការភាពកម្ពុជាក៏បានបំបែកកំណត់ត្រាទទួលបានមេដាយច្រើនបំផុតលើសការប្រកួតពីមុនៗផងដែរ។ ដោយបានឈ្នះបានមេដាយចំនួន ២៨ លើសលទ្ធផលកាលពីឆ្នាំ២០១៣ ចំនួន ១៩ មេដាយ ធ្វើឱ្យលទ្ធផលកីឡាប៉ារ៉ាអូឡាំពិកឆ្នាំនេះក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកីឡាប៉ារ៉ាអូឡាំពិករបស់កម្ពុជា។
រដ្ឋាភិបាលបានរៀបចំក្បួនដង្ហែរយ៉ាងធំមួយជូនដល់កីឡាករជ័យលាភីទាំងអស់រួមជាមួយទង់ប៉ារ៉ាអូឡាំពិកមួយជុំភ្នំពេញ ជាមួយនឹងការអបអរសាទរពីប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជាច្រើនដោយកាត់លើដងមហាវិថីសហព័ន្ធរុស្ស៊ី កាត់តាមវិមានឯករាជ្យ មុននឹងចូលដល់គណៈកម្មការអូឡាំពិកកម្ពុជានៅជិតពហុកីឡដ្ឋានជាតិអូឡាំពិក។
សំឡេងទង្គិចនៃមេដាយបានឮសូរពេញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលអាចឱ្យយើងដឹងថាមានកីឡាករមួយចំនួនទទួលបានមេដាយលើសពី១មេដាយ។
អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានថ្លែងថាលោកពេញចិត្តចំពោះលទ្ធផលដែលកីឡាករកម្ពុជាទទួលបានដោយថាជាលទ្ធផលល្អធ្វើឱ្យកម្ពុជាឈរលេខ៧ក្នុងតំបន់ដែលទទួលបានមេដាយច្រើនជាងគេ។
លោកថា៖ «កម្ពុជាមានមោទនភាពណាស់ដោយនេះជាបទពិសោធន៍លើកទី១ បន្ទាប់ពីកូវីដ-១៩ យើងអាក់ខាននៅភីលីពីន ហើយវៀតណាមក៏មិនបានទទួលធ្វើទៀត អញ្ចឹងប្រទេសឥណ្ឌូនេស៊ីគាត់បានផ្ដល់ឱកាសដ៏សំខាន់ដល់កម្ពុជាយកមកធ្វើជាទុនដើម្បីរៀបចំពិធីរបស់យើងនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
កីឡាករបាល់ទះអង្គុយដែលទទួលបានមេដាយមាស លោក អ៊ូ ផល្លា បានឱ្យដឹងថានេះជាការទទួលបានមេដាយលើកទី៣ ហើយអ្វីដែលពិសេសនោះគឺជាការទទួលបានមេដាយមាសជាលើកទី១។ លោកបានផ្ដួលក្រុមកីឡាករពីប្រទេសថៃក្នុងពិន្ទុ៣ ទល់នឹង២។
លោកថា៖ «ចំណាប់អារម្មណ៍រំភើបខ្លាំងណាស់ពីមុនមកបានប្រាក់ និងសំរឹទ្ធទេ តែពេលនេះបានមាស ខ្ញុំរំភើបខ្លាំងមែនទែន»។
កីឡាករប្រណាំងរទេះរុញដែលអាចចាត់ទុកជាកីឡាករឆ្នើមម្នាក់របស់កម្ពុជា លោក វ៉ាន វន់ អាយុ ៣៦ឆ្នាំ ដែលហៅថាឆ្នើមគឺលោកតែងតែនាំមកវិញនូវមេដាយក្រោយពីចូលរួមប្រកួត។ លោកនាំមេដាយមកវិញលើនេះចំនួន ៣មេដាយ។
លោកថា៖ «ពីមុនខ្ញុំនៅប្រភេទ T53 គឺសមត្ថភាពខ្ញុំល្អ តែឥឡូវនេះគឺភាពជោគជ័យខ្ញុំខ្លាំងបំផុតគឺខ្ញុំបានឈានដល់ T54 គឺជាកីឡាករប្រណាំងរទេះដែលខ្លាំងជាងគេបំផុតហើយខ្ញុំនៅតែទទួលមានមេដាយមាស និងប្រាក់ទៀត។ អញ្ចឹងបានន័យថាការខិតខំប្រឹងប្រែងរបស់ខ្ញុំគឺទទួលជោគជ័យខ្ពស់។ កាលខ្ញុំនៅ 53 ពេលដែលខ្ញុំប្រកួតនៅភូមាខ្ញុំទទួលបានឯកត្តបុគ្គលខ្ញុំៗទទួលបានរត់ ១០០ម៉ែត្រ មេដាយមាស ២០០ម៉ែត្រ មេដាយមាស ៤០០ម៉ែត្រមេដាយមាស ហើយប្រណាំងប្រដាក់២នាក់ រត់៤០០មែត្រ ទទួលបានមេដាយប្រាក់ និង៤នាក់ រត់៤០០ម៉ែត្រ ទទួលបានមេដាយប្រាក់»។
កីឡាការិនី វីដ ចាន់ថា ដែលទទួលបានមេដាយមាស២ ផ្នែកលោតចំងាយ និងរត់ប្រណាំង និងមេដាយប្រាក់មួយផ្នែករត់ប្រណាំង បានឱ្យដឹងថានេះជាលើកទី២ហើយដែលអ្នកស្រីបានទទួលមេដាយ។ អ្នកស្រីបានប្រាប់វិធីដែលធ្វើឱ្យអ្នកស្រីបានឈានដល់ទទួលមេដាយមាសនេះគឺដោយសារការហ្វឹកហាត់យកកំណត់ត្រារបស់ដៃគូប្រកួតធ្វើជាគោល។
អ្នកស្រីថា៖ «កាលពីទៅសាំងហ្គាពួរជាលើកទី១ របស់ខ្ញុំ ជាបទពិសោធន៍ខ្ញុំអត់ទទួលមេដាយទេ។ ព្រោះអីថ្មីតែម្ដង ខ្ញុំអត់ដឹងថាដៃគូរខ្ញុំមានប៉ុន្មាន អីប៉ុន្មានទេ តែដល់ទៅម៉ាឡេស៊ីជាលើកទី២ ខ្ញុំដឹងថាពួកគាត់មានប៉ុន្មាននាក់ ហើយដឹងពីកំណត់ត្រារបស់គាត់ប៉ុន្មាន។ អញ្ចឹងពេលមកវិញខ្ញុំខិតខំហ្វឹកហាត់ដើម្បីបំបែកកំណត់ត្រាពួកគាត់បានខ្ញុំដឹងថាខ្ញុំនឹងទទួលបានជោគជ័យហើយ អញ្ចឹងហើយបានជាខ្ញុំខំហ្វឹកហាត់កាលទៅម៉ាឡេបានធ្វើឱ្យខ្ញុំបានជោគជ័យ។ ពេលនៅឥណ្ឌូនេស៊ី ដោយសារខ្ញុំធ្លាប់បានលេខ២ លេខ៣ អញ្ចឹងខ្ញុំខិតខំហ្វឹកហាត់បំបែកបំណត់ត្រារបស់ខ្ញុំអាចាស់ទៀតបើខ្ញុំបំបែកអាចាស់បានល្អអញ្ចឹងខ្ញុំអាចឈានដល់បានមេដាយទៀត។ អញ្ចឹងបានជាខ្ញុំបំបែកអាចាស់បានទើបខ្ញុំឈានជោគជ័យបានមេដាយមាសនេះ»។
អ្នកស្រីក៏មានស្វាមីម្នាក់ដែលជាកីឡាកររត់ប្រណាំងដូចគ្នា ហើយក៏ទទួលបានមេដាយសំរឹទ្ធមួយផងដែរគឺលោក បុង ហុង ក៏បានលើកឡើងថាលោកមានសេចក្ដីរីករាយជាខ្លាំងចំពោះការទទួលបានមេដាយនេះ។
ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ ត្រូវបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមបន្តនៅថ្ងៃទី៣ ខែមិថុនា និងបិទនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមកីឡាករបានបង្ហាញនូវការប្ដេជ្ញាចិត្តថានឹងបន្តដណ្ដើមយកមេដាយជាបន្តទៀតនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនៅឆ្នាំក្រោយ។
កីឡាការិនី វីដ ចាន់ថា៖ «ខ្ញុំប្ដេជ្ញាចិត្តថានឹងយកមេដាយទៀត ប៉ុន្ដែដៃគូរខ្ញុំក៏ខ្លាំងៗដែរតែខ្ញុំប្ដេជ្ញានឹងព្យាយាមឱ្យខ្លាំងបន្តទៀត»៕
PHOTO: SOVANNARA