ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ។
សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានព្រឹទ្ធសភាបានសម្រេចផ្តល់យោបល់យល់ព្រមទាំងស្រុងលើទម្រង់ច្បាប់ និងគតិច្បាប់ដោយឥតកែប្រែដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលនាសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងវិមានសភាការពារច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងការពារនូវវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះដោយថាការធ្វើវិសោធនកម្មនេះបានការពារដល់គោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងធានាដល់ស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កាន់តែត្រូវបានលើកតម្កើន៕