ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសប្រទេសប៉ាគីស្ថានលោក Bilawal Bhutto Zardari បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ទៅធ្វើទស្សកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាគីស្ថាន និងបានសុំឱ្យរដ្ឋាភិបាលបើកស្ថានទូតកម្ពុជានៅទីក្រុងអ៉ីស្លាមម៉ាបាតផងដែរ។
លោក Zardari បានលើកឡើងបែបនេះក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហានេះ នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ឯកឧត្តម Zardari បានគោរពអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន និងគោរពស្នើសុំសម្ដេចតេជោពិចារណាបើស្ថានទូតកម្ពុជានៅទីក្រុងអ៉ីស្លាមម៉ាបាត។ ឯកឧត្តម Zardari បានបន្ថែមថា ឯកឧត្តមសង្កេតឃើញថាប្រទេសកម្ពុជាមានសក្ដានុពលក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមនឹងពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីស្វែងរកកិច្ចសហការផ្សេងៗដែលអាចធ្វើទៅបានជាពិសេសលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរណ៍។ល។»
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទទួលយកនូវការអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាននិងទទួលយកជាវិជ្ជមានក្នុងការបើកស្ថានទូតកម្ពុជាប្រចាំប្រទេសនេះផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោបានស្នើដល់ប្រទេសប៉ាគីស្ថានជំរុញអ្នកវិនិយោគខ្លួនមកកម្ពុជា និងបង្កើតកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
កម្ពុជានិងប៉ាគីស្ថានទើបតែបានបង្កើតទំនាក់ទំនងនឹងគ្នាក្នុងទំហំតិចតួចនៅឡើយចាប់តាំងពីមានសញ្ញានៃការបង្កើតទំនាក់ទំនងក្នុងឆ្នាំ២០០៤មក នៅពេលដែលប៉ាគីស្ថាន និងកម្ពុជាបានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ និងអភិវឌ្ឍទំនាក់ទំនងពហុភាគី ដើម្បីស្ថិរភាព សន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងក្នុងន័យទូលំទូលាយទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។
ប៉ាគីស្ថានគឺជាប្រទេសដែលមានអំណាចអាវុធនុយក្លេអ៊ែរទី៦នៅក្នុងពិភពលោក ខណៈដែលកំពុងអភិវឌ្ឍន៍ខ្លួនឱ្យទៅជាលេខ៥ផងដែរ ដែលបច្ចុប្បន្នប្រទេសនេះមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ១៦០ក្បាលគ្រាប់៕
PHOTO: KOK KY