ភ្នំពេញ៖ ក្រសួងយុត្តិធម៌ឱ្យដឹងថាតាំងពីប្រកាសអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលដែលជំទាស់នឹង ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ ដើម្បីមកជួបពិភាក្សាតទល់មុខគ្នាដោយផ្ទាល់នៅចំពោះមុខមហាជន រហូតមកដល់ពេលនេះរកមិនបានគណបក្ស ឬអង្គការណាមួយទេដែលចូលទៅជជែកតទល់នឹងក្រសួង។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃសុក្រ ទី៥ ខែសីហា ក្រសួងយុត្តិធម៌ បានបង្ហាញការសោកស្ដាយដោយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលខាងលើ មិនបានចូលរួមតាមការអញ្ជើញខាងលើនេះ ក្រោមលេសនានាដោយមិនសមហេតុផល។
មានគណបក្សនយោបាយចំនួន៤ និងអង្គការសង្គមស៊ីវិលចំនួន១០៤ បានអះអាងថាការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ប៉ះពាល់ដល់របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម និងទាមទារឱ្យរដ្ឋសភាទម្លាក់ចោលការធ្វើវិសោធនកម្មនេះ។
ចំពោះការមិនចូលរួមជជែកតទល់នឹងក្រសួងនេះត្រូវបានក្រសួងយុត្តិធម៌វាយបកថា៖ «ប្រសិនបើគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះពិតជាមានបំណងដោយសុទ្ធចិត្តដើម្បីចង់ការពាររដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយមដូចអ្វីដែលបានអះអាងពិតប្រាកដមែននោះ គួរណាស់តែតំណាងគណបក្សនយោបាយ ឬតំណាងអង្គការសង្គមស៊ីវិលទាំងនោះ អញ្ជើញតាមការអញ្ជើញរបស់ក្រសួង យុត្តិធម៌»។
ទោះជាយ៉ាងណាក្រសួងយុត្តិធម៌សង្ឃឹមថា តាមរយៈការបកស្រាយបំភ្លឺជាបន្តបន្ទាប់របស់តំណាងរាជរដ្ឋាភិបាល, គណបក្សនយោបាយទាំង ៤ និងអង្គការសង្គមស៊ីវិលទាំង ១០៤ ពិតជាអាចទទួលយកនូវការពន្យល់បកស្រាយ បំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលអំពីខ្លឹមសារ និងគោលបំណងពិតប្រាកដនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។
សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានព្រឺទ្ធសភាជាតិកម្ពុជាសម្រេចផ្តល់យោបល់យល់ព្រមទាំងស្រុងលើ ទម្រង់ច្បាប់ និងគតិច្បាប់ដោយឥតកែប្រែដោយមតិភាគច្រើនលើសពីពីរភាគបីនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលនាសម័យប្រជុំលើកទី៩ នីតិកាលទី៤ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។ ជានីតិវិធីបន្ត, ច្បាប់ធម្មនុញ្ញនេះនឹងត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ដែលជានីតិវិធីចុងក្រោយនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយអនុលោមទៅតាមនីតិវិធីជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕