នាយករដ្ឋមន្ត្រីកា្លយជាឥស្សរជនទី១នៅកម្ពុជាដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសជូននៅថ្ងៃនេះ ដែលបានធ្វើឱ្យសម្ដេចក្លាយជាមនុស្សទី១នៅកម្ពុជាដែលសាកលវិទ្យាល័យដ៏ធំមួយនេះបានផ្ដល់ជូន។
សំឡេងអបអរសាទរបានទះដៃកងរំពងឡើងក្នុងសាលសន្នីសិទនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជូនដល់សម្ដេចនាយករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «សម្ដេចគឺជាបេក្ខជនដ៏ស័ក្កិសមបំផុតក្នុងការប្រគល់ជូននូវសញ្ញាបត្រកម្រិតបណ្ឌិត ផ្នែកអភិវឌ្ឍន៍។ ទស្សនវិស័យ ស្នាដៃ និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់សម្ដេច ក្នុងកិច្ចការពារ និងអភិវឌ្ឍប្រទេសជាតិ គួរត្រូវវបានស្ថាប័នសិក្សាអប់រំដ៏មានវ័យចំណាស់ និងធំជាងគេរបស់ជាតិមួយនេះទទួលស្គាល់និងសាទរ»។
ដំណើរការនៃការស្នើសុំ និងពិនិត្យវាយតម្លៃបេក្ខជនទទួលសញ្ញាបត្រត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដោយបណ្ឌិត ជេត ជាលី និងបណ្ឌិត សៀក សូផាត និងត្រូវបានបើកអង្គប្រជុំក្រុមប្រឹក្សាអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយមានបណ្ឌិតចំនួន ១៦នាក់វាយតម្លៃ។
អង្គប្រជុំបានពិនិត្យលើលក្ខណៈវិនិច្ឆ័យចំនួន៣ គឺ ទី១ ស្នាដៃដែលលេចធ្លោល្បីល្បាយក្នុងប្រទេស តំបន់ និងអន្តរជាតិ ទី២ ការដឹកនាំ និងអភិបាលកិច្ចល្អប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ដែលធានាវបាននូវយុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងវីរភាពក្នុងប្រវត្តិសាស្ត្រនាំមកនូវសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លោកគោលនយោបាយម៉ាក្រូដែលត្រឹមត្រូវ និងទី៣ គឺការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងទ្រព្យសម្បត្តិចំពោះជាតិមាតុភូមិ។
ក្រោយពីបញ្ចប់កិច្ចពិភាក្សាអង្គប្រជុំបានសម្រេចថា៖ «ផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស គោរពជូនឥស្សរជនជាន់ខ្ពស់ជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍»។
ក្រោយមកដំណើរការនៃការផ្ដល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្ដេចតេជោនេះត្រូវបានចុះហត្ថលេខាឯកភាពពីប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត សាន វឌ្ឍនា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។
សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ជាការទទួលស្គាល់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនូវកម្រិតចំណេះដឹងខ្ពស់បំផុត ដែលត្រូវបានផ្ដល់ជូនដល់បុគ្គលដោយផ្អែកលើសមិទ្ធផលសំខាន់ៗ និងទស្សនៈនៅក្នុងវិស័យពាក់ព័ន្ធនិងការអភិវឌ្ឍន។ ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនោះគឺខុសពីរង្វាន់ និងការទទួលស្គាល់ផ្សេងទៀត ដែលផ្ដល់ដោយសាកលវិទ្យាល័យ។
ចាប់តាំងពីរបង្កើតឡើងក្នុងឆ្នាំ១៩៦០ មានឥស្សរជននិងព្រះសង្ឃចំនួន ២អង្គនិងនាក់ប៉ុណ្ណោះដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូន គឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦៧ និងអតីតនាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក លី ក្វាន់យូ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៦៧។ ហើយការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនដល់សម្ដេចតេជោនាពេលនេះគឺបានធ្វើឱ្យសម្ដេចតេជោក្លាយជាមនុស្សទី៣ និងជាឥស្សរជនទី១នៅកម្ពុជាដែលទទួលបានសញ្ញាបត្រកិត្តិយសនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះដោយបានអរគុណដល់ព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការនៅទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងការអនុវត្តគោលនយោបាយដែលសម្ដេចបានដាក់ចេញ។
សម្ដេចតេជោថា៖ «ខ្ញុំក៏សុំចែករំលែកនូវសមិទ្ធផលទាំងអស់នេះនូវគុណសម្បត្តិនូវកិត្តិយសដែលខ្ញុំទទួលបាននេះជូនចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ ព្រមទាំងប្រជាជនដែលបានគាំទ្រខ្ញុំទាំងអស់ផងដែរ»។
សម្ដេចបានយកឱកាសនេះថ្លែងអំណរគុណជាពិសេសជូនដល់ ឪពុកម្ដាយ បងប្អូន ក្រុមគ្រួសារ និងកូនៗរបស់សម្ដេចដែលជួយគាំទ្រសម្ដេចជានិច្ចរហូតមានថ្ងៃនេះ ហើយសម្ដេចក៏បានអរគុណដល់សត្រូវរបស់សម្ដេចផងដែរ។
សម្ដេចតេជោថា៖ «ហើយខ្ញុំក៏សុំយកឱកាសនេះថ្លែងអំណរគុណចំពោះសត្រូវរបស់ខ្ញុំ ឬដៃគូរប្រកួតប្រជែងរបស់ខ្ញុំផងដែរដោយសារតែពួកគេទើបផ្ដល់ឱកាសឱ្យខ្ញុំខិតខំគិតថាតើខ្ញុំត្រូវគួរធ្វើយ៉ាងមិចដើម្បីនឹងឈ្នះអ្នកឯងឬគួរធ្វើយ៉ាងមិចដើម្បីកុំឱ្យអ្នកឯងបំផ្លាញសន្ដិភាពនឹងការអភិវឌ្ឍប្រទេសខ្ញុំគួរតែអរគុណអ្នកឯងដែលអ្នកឯងបានផ្ដល់ឱកាសឱ្យខ្ញុំបានប្រុងប្រយ័ត្នជាមួយអ្នកឯងតាមរយៈនៃការប្រុងប្រយ័ត្នជាមួយអ្នកឯងនោះហើយដែលធ្វើឱ្យខ្ញុំបានសិក្សាបន្ថែមដកពិសោធន៍នូវល្បិចកលរបស់អ្នកឯងនិងដើម្បីទប់ទល់ចំពោះអ្នកឯងនិងសំដៅការពារនូវសន្ដិភាពស្ថិរភាពនយោបាយនិងអាយុជីវិតរបស់ប្រជាជនកម្ពុជា»៕
PHOTO: EAC NEWS