ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត លើកទឹកចិត្តការចូលរួមផ្ដល់ជំនួយសម្រាប់វិស័យមីនកម្ពុជា

កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តស្វាគមន៍ចំពោះការគាំទ្រផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដោះមីនឱ្យអស់ពីកម្ពុជាក្នុងឆ្នាំ២០២៥។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់) និងការបំពាក់ឋានន្តរស័ក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៍នៅខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថាគ្រាប់មីនកប់ក្នុងដីដ៏ច្រើន ស្លាកស្នាមនៃពិការភាព ការបាត់បង់អាយុជីវិត និងទុក្ខសោករបស់កុមារកំព្រារាប់ពាន់នាក់ ដែលកម្ពុជាបានហែលឆ្លងកាត់នាពេលកន្លងមក គឺជាតឹកតាង និងមេរៀនដ៏ឈឺចាប់ ដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងមិនត្រូវបំភ្លេចឡើយ។

លោកបន្ថែមថា៖ «អតីតកាលដ៏ខ្មៅងងឹតទាំងនេះ បង្ហាញប្រាប់យើងទាំងអស់គ្នាយ៉ាងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងសុខសន្តិភាព, សុវត្ថិភាព និងសេរីភាព ដែលបានបង្កលក្ខណៈឱ្យយើងអាចរស់នៅប្រកបដោយសេចក្តីសុខ និងសុភមង្គលពេញលេញ ជាមួយក្រុមគ្រួសាររៀងៗខ្លួន ខណៈពេលដែលកូនៗរបស់យើងអាចកាន់ប៊ិក ខ្មៅដៃ សៀវភៅ និងកំពុងសិក្សានៅក្នុងថ្នាក់រៀន ជំនួសដោយការកាន់កាំភ្លើង និងសព្វាវុធក្នុងជម្លោះហិង្សាដ៏គួរឱ្យស្អប់ខ្ពើម។ ជាងនេះទៅទៀត ពួកគេក៏អាចរត់លេងយ៉ាងសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ឬខ្វល់ខ្វាយអំពីសង្រ្គាម និងគ្រាប់មីនឡើយ»

ក្នុងន័យនេះរាជរដ្ឋាភិបាលបានទទួលយក និងបន្តទទួលស្វាគមន៍ចំពោះការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ជំនួយគាំទ្រតាមគ្រប់រូបភាព ទាំងតាមរយៈយន្តការ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន យន្តការទ្វេភាគី និងពហុភាគី សំដៅកម្ចាត់ឃាតកលាក់មុខទាំងនេះ ឱ្យបានឆាប់រហ័សបំផុត។ ក្នុងស្មារតីនេះ សូមលើកទឹកចិត្ត និងសូមស្វាគមន៍ចំពោះការគាំទ្រ ការផ្តល់ជំនួយ និងកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជនទាំងអស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចនូវមហិច្ឆតាដ៏ធំធេង សំដៅផ្តល់ស្នាមញញឹមជូនបងប្អូនជនរួមជាតិរបស់យើង។

លោកបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូអភិវឌ្ឍន៍, បណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការ, ស្ថាប័ន, ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា ព្រមជាមួយនឹងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ថ្លៃថ្លាទាំងនេះ នឹងនាំទៅដល់ការសម្រេចបាននូវទស្សនវិស័យរួម “កម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥” ដូចការរំពឹងទុកជាក់ជាមិនខាន។

លោកក៏បានអបអរសាទរចំពោះការប្រារព្ធខួបលើកទី ៣០ នៃការបង្កើតមជ្ឈមណ្ឌលស៊ីម៉ាក់ និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តម ជូនជាតិមាតុភូមិរបស់យើង ដោយមិនគិតអំពីអាយុជីវិតរបស់ខ្លួន។ ពលិកម្ម និងភក្តីភាពចំពោះបុព្វហេតុជាតិទាំងនេះ គឺពិតជាគំរូវីរភាពដ៏ប្រពៃបំផុត ដែលប្រជាជនខ្មែរទាំងមូល គោរពដឹងគុណជានិច្ច៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក