ប្រធានអាស៊ានចង់ឱ្យមានដំណោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្ដិវិធីនិងប្រាប់អឺរ៉ុបឱ្យពិចារណាដកទណ្ឌកម្មចេញពីរុស្ស៊ី
ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីថាសម្ដេចចង់ឃើញដំណោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្ដិវិធី ខណៈប្រាប់ទៅតំណាងសហភាពអឺរ៉ុបឱ្យពិចារណាដកទណ្ឌកម្មចេញពីរុស្ស៊ីវិញ។
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅវិមានសន្ដិភាពព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងកម្ពុជា-រុស្ស៊ីគឺជាទំនាក់ទំនងប្រវត្តិសាស្ត្រជាយូរមកហើយ។ សម្ដេចបានរម្លឹក និងអរគុណដល់ប្រជាជននៃអតីតសភាពសូវៀតមួយនេះដែលមិនបោះបង់កម្ពុជា និងជួយគាំទ្រកម្ពុជាក្នុងពេលដែលប្រទេសកំពុងជួបការលំបាកផងដែរ។
ទោះជាយ៉ាងនេះក្ដីចំពោះវិបត្តិរុស្ស៊ីឈ្លានពានអ៊ុយក្រែនសម្ដេចបានប្រាប់លោក Larvrov ថាកម្ពុជាចង់ឃើញមានដំណោះស្រាយនៃវិបត្តិនេះតាមការចរចារដោយសន្ដិភាព។
នៅព្រឹកនេះផងដែរប្រធានអាស៊ានសម្ដេចតេជោ ហ៊ុន សែន ក៏ជួបជាមួយតំណាងសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្ដិសុខនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Joesep Barrel Fontelles ផងដែរ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បាននិយាយដោយត្រង់ស្នើឱ្យអឺរ៉ុបពិចារណាឡើងវិញរឿងវិធានការទណ្ឌកម្មលើរុស្ស៊ីចេញព្រោះថាការដាក់ទណ្ឌកម្មនេះមិនបេះពាល់ត្រឹមតែរុស្ស៊ីនោះទេតែប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមពិភពលោកទាំងមូល។
មិនមានការឆ្លើយតបយ៉ាងណាពីភាគីអឺរ៉ុបលើបញ្ហានេះនៅឡើយទេ។
គួរឱ្យដឹងថាកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២នេះ ដែលមានបញ្ហាស្មុគស្មាញក្នុងតំបន់ជាច្រើនដែលកម្ពុជាត្រូវចូលរួមទាំងបញ្ហាកូវីដ-១៩ បញ្ហាមីយ៉ាន់ម៉ា វិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសេដ្ឋកិច្ច និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាច៕