ភ្នំពេញ៖ រដ្ឋមន្ត្រីការបទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រកាសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានថាលោក កៅ គឹមហួន នឹងត្រូវជ្រើសតាំងជាអគ្គលេខាធិការអាស៊ានបន្តនៅឆ្នាំ២០២៣ បន្ទាប់ពីអគ្គលេខាធិការបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក គង់ ភោគ បានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មានកាលពីល្ងាចថ្ងៃពុធ ទី៣ ខែសីហាថាការជ្រើសតាំងលើ កៅ គឹមហួន នេះទទួលបានការគាំទ្រពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ផងដែរ។
លោកថា៖ «ក្នុងកិច្ចប្រជុំចង្អៀតនេះឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសពីការតែងតាំងឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាអគ្គលេខាធិការអាស៊ានដែលនឹងចាប់ផ្ដើមពីឆ្នាំ២០២៣ខាងមុខនេះ។ ហើយការតែងតាំងនេះក៏បានទទួលការស្វាគមន៍ពីរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ»។
អគ្គលេខាធិការអាស៊ានមានអាណត្តិ៥ឆ្នាំ សម្រាប់បំពេញការងាររដ្ឋបាល សម្របសម្រួលកិច្ចសហការរវាងភាគីពាក់ព័ន្ធរបស់អាស៊ានដើម្បីធានាដល់គោលការណ៍អាស៊ានដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ បច្ចុប្បន្នដឹកនាំដោយលោក លឹម ចុកហ៊ុយ បេក្ខជនពីប្រទេសព្រុយនេ។
លេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៦ ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ទីស្នាក់ការកណ្ដាលនៃអគ្គលេខាធិការដ្ឋានអាស៊ានមានទីតាំងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ត្រូវបានបង្កើតនៅឆ្នាំ១៩៨១៕