ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងដោយមានជំនឿថាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នឹងអាចដោះស្រាយបញ្ហាដែលអាស៊ានជួបប្រទះនៅឆ្នាំនេះដោយជោគជ័យ ដែលលោកបានប្រៀបធៀបថា ថ្មក្ដៅដែលអាស៊ានបានបោះឱ្យគឺនឹងក្លាយជាដុំមាសវិញក្នុងដៃរបស់សម្ដេច។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពនារសៀលថ្ងៃទី៣ ខែសីហា លោក វ៉ាង យី ថាលោកមានជំនឿបែបនេះដោយសារលោកជឿទុកចិត្តលើបទពិសោធន៍ដែលធ្លាប់បានដោះស្រាយបញ្ហាជាច្រើនក្នុងជីវិតនយោបាយរបស់សម្ដេចតេជោ។
ប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់អ្នកយកព័ត៌មានថា៖ «ឯកឧត្តម វ៉ាង យី បានមានប្រសាសន៍ថាសម្ដេចក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះមានការប្រឈមជាច្រើន ដូចសម្ដេចបានមានប្រសាសន៍អញ្ចឹងថាវាមិនមែនជាដំឡូងក្ដៅទេ វាជាថ្មក្ដៅជាច្រើនបន្ថែមម្ដងហើយម្ដងទៀត។ តែសម្ដេចអាចប្រែក្លាយថ្មក្ដៅនេះទៅជាមាសបានដោយសារការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមជឿជាក់ថាកម្ពុជាអាចមានគោលជំហរមួយដ៏អស្ចារ្យក្នុងពិភពលោកនេះតាមរយៈការងារជាប្រធានអាស៊ាននេះផងដែរ»។
កម្ពុជាក្លាយជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២នេះ ដែលជាឆ្នាំដែលមានបញ្ហាពិភពលោកជាច្រើនបានកើតឡើងជាបន្តបន្ទាប់ដូចជាបញ្ហាកូវីដ-១៩ បញ្ហាប្រទេសមីយ៉ាន់ម៉ា សង្គ្រាមអ៊ុយក្រែន បញ្ហាវិបត្តិថាមពល បញ្ហាសមុទ្រចិនខាងត្បូង ជាពិសេសគឺការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាចក្នុងពិភពលោក៕