ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថាប្រទេសចិននឹងនៅតែបន្តគាំទ្រដល់អ្នកដឹកនាំនៅថ្ងៃអនាគតរបស់កម្ពុជា ហើយសន្យាថានឹងបន្តគាំទ្រដល់កម្ពុជាឲ្យមានការរីកចម្រើនជាបន្តទៀត។
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបញ្ជាក់ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពរាជធានីភ្នំពេញរសៀលថ្ងៃពុធ ទី៣ ខែសីហានេះ ថាប្រទេសចិននឹងនៅតែបន្តគាំទ្រនិងនយោបាយផ្ទៃក្នុងនិងអន្តរជាតិរបស់កម្ពុជាជាមួយនឹងចក្ខុវែងឆ្ងាយរបស់សម្ដេចតេជោក្នុងការដឹកនាំកម្ពុជាជាពិសេសអ្នកគាំទ្រការពារអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។
នៅថ្ងៃអនាគតលោកបានបញ្ជាក់ថាប្រទេសចិននៅតែបន្តគាំទ្រដល់អ្នកដឹកនាំនាថ្ងៃអនាគតរបស់កម្ពុជាបន្តទៀត។
ជំនួយការសម្ដេចតេជោលោក កៅ គឹមហួន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា៖ «ចិននឹងបន្តគាំទ្រដ៏រឹងមាំទៅថ្ងៃអនាគតទៀតជាពិសេសគឺគាំទ្រការបន្តវេនការដឹកនាំដែលជាកូនសោរសម្រាប់ការអភិវឌ្ឍកម្ពុជាផងក៏ដូចជាមិត្តភាពកិច្ចសហការរវាងកម្ពុជានិងចិនផងដែរ»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់លោក វ៉ាង យី ដែរថាកម្ពុជានៅតែធ្វើយ៉ាងណាដើម្បីរក្សានូវមិត្តភាពរវាងកម្ពុជាចិនឲ្យនៅរឹងមាំដដែលដោយថាបន្តវេនកម្ពុជានឹងនៅតែរក្សានូវមិត្តភាពនេះឲ្យកាន់តែយូរអង្វែង។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការកណ្ដាលរបស់គណបក្សដ៏ធំមួយនេះបានសម្រេចបោះឆ្នោតដល់សេចក្ដីទុកចិត្តដល់ កូនប្រុសរបស់សម្ដេចតេជោគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតគាំទ្រនេះគឺដោយសំឡេងទាំងស្រុងដែលមានប្រមាណជិត៨០០ សំឡេង។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សួស យ៉ារ៉ា បានថ្លែងបន្ទាប់ពីមានការបោះឆ្នោតជ្រើសតាំងនេះថាគឺ បានបង្ហាញទៅកាន់ពិភពលោកថា គណបក្សប្រជាជនគឺជាគណបក្សមានឯកភាព សាមគ្គីភាព ដែលធានាការពារកម្ពុជានូវសន្តិភាពបញ្ជៀសការបៀតបៀន ឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច៕