BREAKING NEWS: ប្រធានអាស៊ានថានឹងគិតគូរឡើងវិញពីតួនាទីអាស៊ានចំពោះមីយ៉ាន់ម៉ាក្រោយមានការប្រហារជីវិតសកម្មជនប្រឆាំង
ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការខកចិត្តដែលយោធាមីយ៉ាន់ម៉ាធ្វើការប្រហារជីវិតមនុស្សចំនួន ៤នាក់ដែលប្រឆាំងនិងខ្លួន។ សម្ដេចថាការនេះនឹងបង្ខំចិត្តឲ្យអាស៊ានគិតគូរឡើងវិញពីការអនុវត្តកុងសង់ស៉ីស៥ចំណុចជាចាំបាច់សម្រាប់ប្រទេសមួយនេះប្រសិនជាការប្រហារជីវិតមនុស្សនៅមានបន្ត។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ ប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងពេលដែលការអនុវត្តកុងសង់ស៊ីស៥ចំណុចសម្រាប់មីយ៉ាន់ម៉ានៅពុំទាន់មានភាពជឿនលឿនតាមអ្វីដែលចង់បាន១០០ភាគរយ ការប្រហារជីវិតលើសកម្មជនប្រឆាំងចំនួន៤រូបកាលពីសប្ដាហ៍មុនរបស់អាជ្ញាធរមីយ៉ាន់ម៉ាបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត «ដែលអាចនិយាយថាអាក្រក់ជាងមុនកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ទៅទៀត»។
សម្ដេចតេជោថ្លែងថា៖ «កម្ពុជាក៏ដូចជាសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឱ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្ដិភាព និងការបង្រួបបង្រួមជាតិ។ ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន»។
ពុំមានតំណាងមីយ៉ាន់ម៉ាមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននេះនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ាបានចុះផ្សាយកាលពីថ្ងៃចន្ទថា អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ដែលពុំបានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បុរសទាំងបួននាក់នេះត្រូវបានចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន៕