សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង CONMEBOL ពិន័យខ្សែប្រយុទ្ធម្នាក់ ក្រោយរិះគន់ខ្លាំងៗលើការរៀបចំ COPA នៅប្រេស៊ីល
ប្រេស៊ីល៖ ខ្សែប្រយុទ្ធជម្រើសជាតិបូលីវៀ Marcelo Martins ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ព្យួរមិនឱ្យចូលលេងមួយប្រកួត និងពិន័យជាទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារអាមេរិក ក្រោយពីបានធ្វើការរិះគន់ចំៗទៅលើស្ថាប័នដែលជាអ្នករៀបចំកម្មវិធីប្រកួត COPA America ឆ្នាំនេះ ក្នុងពេលដែលកូវីដ-១៩ កំពុងផ្ទុះ និងរាតត្បាតខ្លាំងនៅទ្វីបអាមេរិកខាងត្បូង។
Martins គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករ ៣រូបដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ក្នុងអំឡុងការប្រកួតដែលបូលីវៀ ចាញ់ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ ៣-១ នៃប្រកួតបើកឆាកពាន Copa America។ ក្រោយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងខកខានការប្រកួតទល់នឹងកូឡុំប៊ី Martins បានប្រើប្រាស់ពាក្យសម្តីចាក់ដោតមួយចំនួនទៅកាន់ស្ថាប័នបាល់ទាត់កំពូលរបស់ទ្វីបអាមេរិកខាងត្បូង ដោយបានសម្រេចចិត្តភ្លាមៗក្នុងការផ្លាស់មករៀបចំព្រឹត្តិការណ៍ Copa America នៅលើទឹកដីប្រេស៊ីលវិញ ក្រោយពីសហម្ចាស់ផ្ទះកូឡុំប៊ី និងអាហ្សង់ទីនបានប្រកាសសុំដកខ្លួនជាបន្តបន្ទាប់ ខណៈដែលប្រេស៊ីលផ្ទាល់គឺជាប្រទេសដែលរងគ្រោះខ្លាំងដោយសារកូវីដ-១៩ ពោលគឺមានអ្នកស្លាប់ប្រមាណជាង ៥០ម៉ឺននាក់ហើយគិតមកទល់ពេលនេះ។
ក្រសួងសុខាភិបាលប្រេស៊ីលបានប្រកាសឱ្យដឹងថា មានកីឡាករ និងមន្រ្តីចំនួន ២៧នាក់ហើយដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ គួររំឮកថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ចំណាស់ និងធំជាងគេនៅអាមេរិកខាងត្បូងនេះ បានផ្លាស់មកលេងនៅទឹកដីប្រេស៊ីលភ្លាមៗ ពោលគឺត្រឹមតែពីសប្តាហ៍ប៉ុណ្ណោះមុននឹងការប្រកួតចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៣ ខែមិថុនា៕