តៃវ៉ាន់៖ ពាក្យថា «ដើម្បីប្រជាធិបតេយ្យ» គឺជាអ្វីដែលប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៉ី បានសរសេរនៅលើ twitter របស់លោកស្រីក្នុងពេលដែលយន្តហោះរបស់លោកស្រីចុះចតនៅព្រលានយន្តហោះកោះតៃវ៉ាន់។
លោកស្រីបានសរសេរនៅលើ Twitter របស់លោកស្រីថា៖ «ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរបស់យើងទៅកោះតៃវ៉ាន់បានផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។ ការពិភាក្សារបស់យើងជាមួយថ្នាក់ដឹកនាំតៃវ៉ាន់បញ្ជាក់ជាថ្មីនូវការគាំទ្ររបស់យើងចំពោះដៃគូរបស់យើង និងលើកកម្ពស់ផលប្រយោជន៍រួមរបស់យើង រួមទាំងការជំរុញឱ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»។
គួរឲ្យដឹងផងដែរថា ប្រធានសភាអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី បានទៅដល់ទឹកដីតៃវ៉ាន់ហើយនៅយប់ម៉ោងប្រមាណ ៩កន្លះយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ធ្វើឱ្យលោកស្រីក្លាយជាមេដឹកនាំជាន់ខ្ពស់អាមេរិកដំបូងដែលបានទៅជាន់ទឹកដីតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ។
ប្រទេសចិនបានឆ្លើយតបទៅនឹងការចុះចតយន្តហោះរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនៅលើទឹកដីតៃវ៉ាន់នេះដោយឲ្យយន្តហោះចម្បាំងរបស់ខ្លួនហោះចូលដែនអាកាសតៃវ៉ាន់ទាំងយប់។ ទោះយ៉ាងណាមិនទាន់មានព័ត៌មានណាផ្សេងទៀតទាក់ទងជាមួយនឹងប្រទេសចិននោះទេខណៈដែលការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់កំពុងតែបន្ត៕