ប៉េរូ៖ យ៉ាងហោចណាស់មនុស្សចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់រន្ធត់មួយកាលពីថ្ងៃសុក្រ ក្រោយពីរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់ធ្លាក់ក្នុងជ្រលងមួយនៅក្នុងតំបន់ Ayacucho ស្ថិតនៅក្បែរតំបន់កណ្តាលនៃប្រទេសប៉េរូ។ នេះបើយោងតាមរបាយការណ៍បឋមដែលអាជ្ញាធរប្រាប់មកកាន់សារព័ត៌មានក្នុងប្រទេស។
រថយន្តដឹកអ្នកដំណើរនេះ បានធ្លាក់ចូលទៅជ្រលងមួយដែលមានកម្ពស់ជាង ២៥០ម៉ែត្រនៅវេលាម៉ោង៣ទាបភ្លឺ (ម៉ោងក្នុងប្រទេសបេរ៉ូ) ខណៈរថយន្តកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន Interoceanic ចេញពីតំបន់ Ayacucho ឆ្ពោះទៅកាន់តំបន់ Arequipa។ បើតាមរបាយការណ៍បន្ថែមពីក្រុមសមត្ថកិច្ច រថយន្តដឹកអ្នកដំណើរនោះភាគច្រើនគឺផ្ទុកដោយកម្មករអណ្តូងរ៉ែ និងក្រុមគ្រួសាររបស់ពួកគេ។
ក្រុមសង្គ្រោះ ក្រុមពន្លត់អគ្គិភ័យ និងប៉ូលិសបានទៅដល់តំបន់នោះដើម្បីធ្វើការរុករកសាកសព និងជួយសង្គ្រោះអ្នករងរបួស ដោយបញ្ជូនទៅមន្ទីរពេទ្យដែលស្ថិតនៅតំបន់ Nasca ក្បែរនោះភ្លាមៗតែម្តង។ យ៉ាងណាក្តី ក្រុមស៊ើបអង្កេតកំពុងស្វែងរកភស្តុតាង និងការសន្និដ្ឋានជាក់លាក់ជុំវិញមូលហេតុដែលនាំឱ្យកើតមានហេតុការណ៍អកុសលនេះ៕