កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក ហ៊ុន ម៉ាណែត ៖ យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា កាកសំណល់សង្គ្រាម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋបើទោះបីពេលនេះកម្ពុជាមានសុខសន្ដិភាពពេញលេញក៏ដោយ។ លោកបានប្ដេជ្ញាថារដ្ឋាភិបាលនឹងបន្តរំដោះឱ្យអស់នូវផ្ទៃដីមានមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីធានានូវអាយុជីវិតប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងរាត្រីស្រមោសរដើម្បីប្រមូលថវិការសម្រាប់ជួយដល់ ការដោះមីននៅកម្ពុជា ”MBCC CHARITY GALA DINNER” សហការរៀបចំដោយសភាពាណិជ្ជកម្មម៉ាទ្បេស៊ី ប្រចាំកម្ពុជា (MBCC) និងអាជ្ញាធរមីនកម្ពុជា (CMAA) នៅណាហ្គាវើល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះលោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានវិវឌ្ឍប្រែក្លាយពីប្រទេសដែលជោគជាំដោយស្លាកស្នាមសង្គ្រាមទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស។

លោកបន្ថែមថា៖ «មកទល់ពេលនេះកម្ពុជាមានសុខសន្តិភាពពេញលេញមិនមានការស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាមតែកាកសំណល់សង្គ្រាម និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែជាឃាតករលាក់មុខតាមយាយី ឆក់យកអាយុជីវិត អវយវៈ និងឱកាសរបស់ប្រជាពលរដ្ឋពីការចូលរួមពេញលេញក្នុងសកម្មភាពសង្គមនិងសេដ្ឋកិច្ច»

លោកបានជំរុញការរួបរួមប្រែក្លាយផ្ទៃដីដែលមានហានិភ័យឱ្យទៅជាផ្ទៃបង្កបង្កើនផលផ្តល់នូវការអភិវឌ្ឍនិងផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់ប្រជាពលរដ្ឋតាមរយៈការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម” ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយមានការចូលរួមពីអាជ្ញាធរមីនកម្ពុជា (CMAA) និងការគាំទ្រពីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីចូលរួមក្នុងសកម្មភាពសម្អាតមីននៅកម្ពុជានិងឆ្ពោះទៅកម្ពុជាសូន្យមីនក្នុងឆ្នាំ២០២៥។

លោកថា៖ «យើងបេ្តជ្ញាមិនទុកឱ្យពលរដ្ឋណាម្នាក់រងគ្រោះដោយសារគ្រាប់មីន និងបន្តធ្វើការរំដោះឱ្យអស់ផ្ទៃដីដែលមានមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»

ជាចុងក្រោយលោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសភាពាណិជ្ចកម្មនិងធុរជនម៉ាទ្បេស៊ីនៅកម្ពុជា ចំពោះទឹកចិត្តសប្បុរសធម៌មនុស្សធម៌ក្នុងការចូលរួមគាំទ្រដល់សកម្មភាពសម្អាតមីននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ចាប់តាំពីឆ្នាំ១៩៩២ មកដល់ខែឧសភា ឆ្នាំ២០២២ ប្រទេសកម្ពុជាបានរំដោះដីដែលមានមីនទំហំ ២ ៤១០,២៥ គីទ្បូម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាដីកសិកម្ម និងបានរកឃើញនិងបំផ្លាញចោលនូវមីនប្រឆាំងមនុស្សចំនួន ១ ១៤០ ៧៩៤គ្រាប់ និងមីនប្រឆាំងរថក្រោះចំនួន ២៦ ០៤៣គ្រាប់ ព្រមទាំងសំណល់ជាតិផ្ទុះក្រោយសង្គ្រាមចំនួន ៣ ០០៣ ៨៣៥គ្រាប់ផ្សេងទៀត ដោយផ្តល់អត្ថប្រយោជន៏ដល់ពលរដ្ឋចំនួន ៧ ៣៦៣ ៣៤៤នាក់ សើ្មនឹង ៣ ៣៦៤ ៣៨៧ គ្រួសារ៕

PHOTO: RAKSMEY9


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក