ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនប្រាប់ឱ្យ ប៉េឡូស៊ី សាកចុះយន្តហោះនៅតៃវ៉ាន់លមើល

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថាអាមេរិកកំពុងព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិនតាមរយៈគម្រោងធ្វើទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកោះតៃវ៉ាន់។ លោកព្រមានថា «កងទ័ពចិននឹងមិនអង្គុយមើល ហើយមិនធ្វើអ្វីនោះទេ»

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន TASS ក្នុងសន្នីសិទសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោក Zhao Lijian បានបញ្ជាក់ថា៖ «ប្រសិនបើ ប៉េឡូស៊ី ធ្វើទស្សនកិច្ចនៅតៃវ៉ាន់នេះនឹងក្លាយជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងគោលនយោបាយក្នុងស្រុករបស់ប្រទេសចិនដែលនឹងនាំឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ កងទ័ពរំដោះប្រជាជនចិននឹងមិនអង្គុយចុះហើយមិនធ្វើអ្វីឡើយ»

ប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី គ្រោងធ្វើដំណើរទស្សនៈកិច្ចនៅកោះតៃវ៉ាន់កាលពីខែមេសា តែត្រូវបានលុបវិញដោយសារលោកស្រីឆ្លងជំងឺកូវីដ-១៩។ ពេលនោះរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចាត់ទុកថាអាមេរិកកំពុង «ព្យាយាមបង្កហេតុព្យាបាទ»។ លោកស្រីក៏មានគម្រោងជាថ្មីនៅខែសីហានេះ ខណៈនៅក្នុងការជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីថ្ងៃទី២៨ ខែកក្កដា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រាប់ថា «អ្នកដែលចូលចិត្តលេងភ្លើងវានឹងរលាក»

លោកស្រី ណាន់ស៊ី ប៉េឡូស៊ី បានសរសេរនៅលើបណ្ដាញសង្គមធ្វីកទ័ររបស់លោកស្រីកាលពីថ្ងៃទី៣១ ខែកក្កដា ថាលោកស្រីកំពុងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែលមិនអាចរង្គោះរង្គើរបស់អាមេរិកចំពោះសម្ព័ន្ធមិត្ត និងមិត្តរបស់អាមេរិកនៅក្នុងតំបន់។ មានប្រទេស៤ដែលលោកស្រីបានលើកឡើងថានឹងធ្វើទស្សនកិច្ចរួមមាន សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយផាត់កោះតៃវ៉ាន់ចេញ។

ទោះជាយ៉ាងណាតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកតៃវ៉ាន់ថាលោកស្រី ប៉េឡូស៊ី នៅតែមានគម្រោងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដដែល។

កាលពីចុងសប្ដាហ៍មុនប្រទេសចិនបានប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្ទតៃវ៉ាន់ក្នុងខេត្ត Fujian ខណៈតៃវ៉ាន់ឯណោះវិញក៏បានធ្វើសមយុទ្ធទ័ពរបស់ខ្លួន និងការត្រៀមរបស់របស់ប្រជាជនក្នុងពេលមានការវាយប្រហារពីចិនមកលើខ្លួន។

ជាមួយគ្នានេះមានរូបភាពតាមបណ្ដាញសង្គមជាច្រើនបង្ហាញពីសព្វាវុធរបស់ចិនប្រជាមានិតបានដឹកចូលខេត្ត Fujian ជាច្រើន និងឃើញតាមឆ្នេរសមុទ្រក្នុងពេលដែលមនុស្សជាច្រើនកំពុងលេងទឹកសមុទ្រផងដែរ។

កាលពីយប់មិញសហរដ្ឋអាមេរិកបានបញ្ជានាវាចម្បាំង និងនាវាដឹកយន្តហោះចម្បាំងទៅជិតកោះតៃវ៉ាន់ខណៈដែលមានដំណឹងថាលោកស្រី ប៉េឡូស៊ី នឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ គួរឱ្យដឹងផងដែរថាអាមេរិកមានមូលដ្ឋានទ័ពរួមទាំងនាវាចម្បាំងក្នុងមហាសមុទ្ទប៉ាស៊ីហ្វិកកោះហាវ៉ៃ នៅកោះអូគីណាវ៉ា ប្រទេសជប៉ុន សាស៊ីប៊ូ ប្រទេសជប៉ុន និងនៅតំបន់សមុទ្ទចិនខាងត្បូងមាននាវាផ្ទុកយន្តហោះចម្បាំង USS Ronal Reagan បានចូលចតនៅកំពង់ផែសិង្ហបុរីកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សរុបទៅតំបន់ទាំងនេះគឺកៀកនឹងចិនបំផុត។

កោះតៃវ៉ាន់ត្រូវបានប្រទេសជាច្រើនមិនទទួលស្គាល់ថាជាប្រទេសនោះទេ ដោយថាត្រឹមជាខេត្តមួយរបស់សាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះហើយក្នុងចំណោមអ្នកមិនទទួលស្គាល់នោះក៏មានអាមេរិកខ្លួនឯងផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានថ្លែងក្នុងសន្នីសិទកាសែតនៅអង្គការសហប្រជាជាតិនៅថ្ងៃនេះថាការសម្រេចទៅតៃវ៉ាន់ឬមិនទៅគឺជាសិទ្ធិសម្រេចរបស់លោកស្រី ប៉េឡូស៊ី តែលោកថាបើមានរឿងអីកើតឡើងនៅពេលលោកស្រីទៅទស្សនៈកិច្ចនៅតៃវ៉ាន់រឿងនេះគឺជាការទទួលខុសត្រូវរបស់ចិន។

តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលក្នុងតំបន់របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលកងកម្លាំងគួមីនតាងដែលនៅសល់ដឹកនាំដោយចាង ខៃជៀក (១៨៨៩-១៩៧៥) បានភៀសខ្លួនទៅកាន់កោះនេះបន្ទាប់ពីទទួលរងបរាជ័យក្នុងសង្គ្រាមស៊ីវិលជាមួយកងទ័ពបដិវត្តន៍ចិន។ ចាប់តាំងពីពេលនោះមក តៃវ៉ាន់បានរក្សាទង់ជាតិ និងនិមិត្តសញ្ញាមួយចំនួនទៀតនៃរដ្ឋបាលចាង ចៃជៀកដដែល។ ទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួនតាមរយៈនយោបាយចិនតែមួយហើយប្រទេសជាច្រើនក្នុងពិភពលោកក៏គាំទ្រនយោបាយនេះដូចគ្នា។

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងសន្នីសិទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី នៅថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ថាបំណងណាមួយដែលញុះញង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ និងអន្តរាគមន៍យោធារបស់លោកខាងលិចជួយតៃវ៉ាន់គឺជាការញុះញង់ឱ្យចិនសម្លាប់ជាតិសាសន៍ខ្លួន និងជាដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់។ សម្ដេចបានចោទសួរទៅអាមេរិក និងប្រទេសដទៃដែលសុទ្ធតែជាប្រទេសអនុវត្តន៍នូវនយោបាយចិនមួយទាំងអស់។ «ហេតុអ្វីព្យាយាមចាប់ផ្ដើមញែកតៃវ៉ាន់ចេញពីចិន?»

សម្ដេចតេជោថា៖ «តាំងពីឆ្នាំ១៩៤៩ រហូតមកដល់ពេលនេះតើមានដែលឃើញចិនប្រើប្រាស់កម្លាំងទៅលើតៃវ៉ាន់ឬអត់? ប្រទេសទាំងឡាយគួរធ្វើការគោរពទៅដល់ឯករាជ្យភាពនិងអធិបតេយ្យភាពរបស់ចិនផងដែរ ដែលគេទាំងឡាយទទួលស្គាល់ថាតៃវ៉ាន់ជាខេត្តមួយរបស់ចិនប៉ុណ្ណោះ។ ឥឡូវហេតុអីបានជាដាក់បញ្ហាលើកបញ្ហាប្រៀបធៀបចិននិងតៃវ៉ាន់ទៅប្រៀបធៀបរវាងរុស្ស៊ីនិងអ៊ុយក្រែននេះជាបញ្ហាដែលខ្ញុំមិនយល់ស្របជាមួយនឹងបញ្ហាដែលកើតឡើងស្ដីអំពីការត្រៀមអន្តរាគមន៍យោធា»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក