មេដឹកនាំអាល់កៃដា Zawahiri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន
អន្តរជាតិ: សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដា Ayman al-Zawahiri នៅក្នុងការវាយប្រហារមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍។ ប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា នេះជាការវាយប្រហារដ៏ធំបំផុតចំពោះក្រុមសកម្មប្រយុទ្ធចាប់តាំងពីស្ថាបនិក Osama bin Laden ត្រូវបានសម្លាប់ក្នុងឆ្នាំ២០១១។
Zawahiri ជាគ្រូពេទ្យវះកាត់ជនជាតិអេហ្ស៊ីបដែលក្បាលរបស់គាត់មានតម្លៃជារង្វាន់រហូតដល់ទៅ ២៥លានដុល្លាអាមេរិក ជាអ្នកជួយសម្របសម្រួលការវាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សជិត ៣០០០នាក់ ។
មន្ត្រីសហរដ្ឋអាមេរិកដែលរាយការណ៍ដោយមិនបញ្ចេញឈ្មោះបាននិយាយថា Zawahiri បានស្លាប់បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីកាប៊ុល អាហ្វហ្គានីស្ថាននៅម៉ោង ៦:១៨នាទីព្រឹកកាលពីថ្ងៃអាទិត្យ។
លោក Biden ដែលកំពុងជាសះស្បើយពី COVID-19 បាននិយាយនៅក្នុងសុន្ទរកថាពីសេតវិមានថា "ឥឡូវនេះយុត្តិធម៌ត្រូវបានផ្តល់ ហើយមេដឹកនាំភេរវករនេះលែងមានទៀតហើយ"។ "មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណា មិនថាអ្នកលាក់ខ្លួននៅកន្លែងណាក៏ដោយ ប្រសិនបើអ្នកគំរាមកំហែងដល់ប្រជាជនរបស់យើង សហរដ្ឋអាមេរិកនឹងស្វែងរកអ្នក ហើយនឹងកំចាត់អ្នកចេញ"។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានថាការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកពិតជាមាន "ទំនុកចិត្តខ្ពស់" តាមរយៈការស៊ើបការណ៍ជាច្រើនដែលបុរសត្រូវបានសម្លាប់នោះគឺពិតជា Zawahiri ។ គាត់ត្រូវបានគេធ្វើឃាតនៅលើយ៉រមុខផ្ទះក្នុងទីក្រុងកាប៊ុល ដែលគាត់បានរស់ជាមួយសមាជិកដទៃទៀតនៃគ្រួសាររបស់គាត់ ប៉ុន្តែមិនមានអ្នករងរបួសផ្សេងទៀតទេ។
លោក Biden បាននិយាយថា Zawahiri គឺជាមេក្លោងនៅពីក្រោយឬជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការវាយប្រហារលើនាវា USS Cole និងស្ថានទូតអាមេរិកនៅក្នុងប្រទេសកេនយ៉ា និងតង់ហ្សានី។
"Zawahiri បានបន្តបង្កការគំរាមកំហែងយ៉ាងសកម្មចំពោះបុគ្គល ផលប្រយោជន៍ និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក" ។ "ការស្លាប់របស់គាត់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអាល់កៃដា ហើយនឹងធ្វើឱ្យក្រុមនេះអសមត្ថភាពក្នុងការធ្វើប្រតិបត្តិការផ្សេងទៀត"។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក គឺជាការវាយប្រហារលើកដំបូងរបស់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីទាហាន និងអ្នកការទូតអាមេរិកបានចាកចេញពីប្រទេសនេះក្នុងខែសីហា ឆ្នាំ២០២១ សកម្មភាពនេះបានជំរុញភាពជឿជាក់ទៅលើការធានារបស់ទីក្រុងវ៉ាស៊ីនតោន ដែលថាសហរដ្ឋអាមេរិកនៅតែអាចដោះស្រាយការគំរាមកំហែងពីអាហ្វហ្គានីស្ថានបើទោះជាគ្មានវត្តមានយោធាអាមេរិចនៅក្នុងប្រទេសនេះ។