អង្គការអភិវឌ្ឍន៍ក្មេងកំព្រា មនុស្សចាស់ជរា និងជនពិការ គាំទ្រការធ្វើវិសោធនកម្មលើកទី១០ រដ្ឋធម្មនុញ្ញ
កំពត៖ អង្គការអភិវឌ្ឍន៍ក្មេងកំព្រា មនុស្សចាស់ជរា និងជនពិការ បានប្រកាសគាំទ្រការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដោយថាការកែប្រែច្បាប់នេះមានសារៈសំខាន់ដែលធ្វើឡើងស្របតាមគោលការណ៍រដ្ឋធម្មនុញ្ញ ធានាបានដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយម និងបានរួមចំណែកធានាដល់ការប្រព្រឹត្តិទៅដោយរលូនរបស់ស្ថាប័នជាតិ បង្កើតភាពសុខសាន្តដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍគ្រប់វិស័យ។
អង្គការមួយនេះក៏ប្រកាសថ្កោលទោសចំពោះមនុស្សមួយចំនួនដែលមានគំនិតអវិជ្ជមានចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះផងដែរ។
ក្នុងញត្តិគាំទ្រនោះបានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសចំពោះជនអគតិមួយចំនួនដែលបានលើកឡើងនូវគំនិតទុទិដ្ឋិនិយមចំពោះការផ្ដួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់បន្ថែមសំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិនៅពេលនេះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវ តាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនាពេលនេះ ហើយជាការបើកឡើងដែលមានចរិកជាការបំភ្លៃការពិតខុសពីខ្លឹមសារពិតប្រាកដទាំងស្រុងនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ»។
រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។
សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕