
សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំងសមាសភាពនៃអនុគណៈកម្មការនានា ចំណុះឲ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចមួយស្តីពីការតែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តឱ្យដឹងថា អនុគណៈកម្មការនានា ចំណុះគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានចំនួន១០ដូចជា៖
១, អនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្រ្ត
២, អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក
៣, អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគ កូវីដ-១៩
៤, អនុគណៈកម្មការបច្ចេកទេស និងព្យាបាល
៥, អនុគណៈកម្មការសេវាមន្ទីរពិសោធន៍
៦, អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ
៧, អនុគណៈកម្មការបច្ចេកវិទ្យា និងទិន្នន័យ
៨, អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ
៩, អនុគណៈកម្មការសាងសង់ និងជួសជុល
១០, អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់បន្ថែមថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕