ឥណ្ឌូណេស៊ី៖ គិតមកដល់ត្រឹមព្រឹកថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ក្រុមអត្តពលិកពិការកម្ពុជាបានដណ្តើមមេដាយមាស ២គ្រឿង និងសំរឹទ្ធិ ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។
អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកពិការកម្ពុជា លោក យី វាសនា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជាតិថាជ័យជម្នះនេះបានបង្កនូវភាពសប្បាយរីករាយ សម្រាប់គណៈប្រតិភូ និងអត្តពលិក ពិការកម្ពុជា បន្ទាប់ពីឈ្នះមេដាយមាស ១គ្រឿងជាលើកដំបូង ដោយក្រុមកីឡាការិនីបាល់បោះជិះរទេះ ក្រោយយកឈ្នះក្រុមកីឡាការិនីបាល់បោះថៃ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៧-៥ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើវិញ្ញាសានារី ៣ទល់ ៣នាក់ ខណៈកីឡាវាយកូនឃ្លីលើតុ ឈ្នះមេដាយសំរឹទ្ធិ លើវិញ្ញាសាវាយគូ។
លោកបន្ថែមទៀតថា នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ កីឡាការិនីពិការអត្តពលកម្ម វ៉ិច ចន្ថា (ប្រភេទពិការ T44) ដណ្តើមបានមេដាយមាស ១គ្រឿងបន្ថែម លើវិញ្ញាសារលោតចម្ងាយ ក្រោយពីធ្វើបានយ៉ាងល្អ ដោយលោតបាន ៤,២៩ម៉ែត្រ។
លោកអគ្គលេខាធិការបានបន្ថែមថា ក្រៅពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២នេះ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី និងលោក វ៉ាត់ ចំរើន ក៏កំពុងចុះសិក្សាឈ្វេងយល់គ្រប់ទីកន្លែងប្រកួត ដើម្បីយកបទពិសោធន៍ទៅវិញកែច្នៃបន្ថែមឱ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន ត្រៀមរៀបចំព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ នៅកម្ពុជាឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី,បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល (៧ម្ខាង), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក, និងប៊ូស្យា៕