ក្រសួងសង្គមកិច្ចថាគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មានគោលបំណងមិនខុសពីការធ្វើវិសោធនកម្មលើកមុន
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថាការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាគឺមិនខុសពីការធ្វើវិសោធនកម្មទាំង៩លើក ពីមុននោះទេ។ មានគោលបំណងតែមួយគត់គឺដើម្បីជាតិប្រជាជន។
ក្នុងញត្តិគាំទ្រថ្ងៃទី២៩ ខែកក្កដា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់គ្នានៃក្រសួងសង្គមកិច្ច បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលថាធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍គ្រឹះ នៃរបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ ការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជន កម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែង ក្នុងរដ្ឋធម្មនុញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ជាតិ។
ក្រសួងបន្ថែមថា៖ «ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្មទាំង៩លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេស ការបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង និងធានាបាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ ម្យ៉ាងវិញទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ធានាឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មាន ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណង ប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងមូល»។
ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទាំងអស់មានសេចក្តីសង្ឃឹមប្រកបដោយគំនិតសុទិដ្ឋិនិយម និងទស្សនាទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សាការពារសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
អ្វីដែលជាកត់សម្គាល់ក្នុងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះ គឺបានអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបានដោយត្រូវឆ្លងកាត់សភា និងនីតិវិធីបន្ថែមសម្រាប់ដំណើរការរដ្ឋបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីលាលែងពីតំណែង។
បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា។
រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។
សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕