
អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ពោធិសាត់៖ អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការបានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ នៃព្រះរាជាណាចក្រកម្ពុជា។ ការគាំទ្រនេះគឺដោយសារតែអង្គការទុកចិត្តទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។
ក្នុងសេចក្ដីថ្លែងការណ៍គាំទ្រថ្ងៃទី២៩ ខែកក្កដា អង្គការនេះបានលើកឡើងថា៖ «ជាការពិតណាស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាតភាពប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំជាតិមាតុភូមិស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនាទៀតសោតគឺថាជាការបំពេញបន្ថែមនៅចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញនិងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា»។
រដ្ឋសភាពទើបតែបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភារបស់កម្ពុជា៕