សមាគមអភិវឌ្ឍន៍ជនពិការបាភ្នំគាំទ្រការសម្រេចធ្វើវិសោធនកម្មដើម្បីបំពេញចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញ
ភ្នំពេញ៖ សមាគមអភិវឌ្ឍន៍ជនពិការបាភ្នំដែលជាអង្គការសហព័ន្ធនារីពិការបានគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយថាការធានាប្រក្រតីនៃដំណើរការរដ្ឋជារឿងសំខាន់។
ក្នុងញត្តិគាំទ្រចុះថ្ងៃទី៣០ ខែកក្កដា អង្គការសហព័ន្ធនារីពិការ បានលើកឡើងថាក្នុងការដំណើរវិវត្តន៍របស់ប្រទេសកម្ពុជាកន្លងមកនេះ យល់ឃើញថាការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញលើកទី១០ នេះគឺជាការគិតគូរគ្រប់ជ្រុងជ្រោយ សំដៅបំពេញបន្ថែមនូវ ចន្លោះខ្វះខាត ធានាការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសធ្វើឲ្យរាជរដ្ឋាភិបាលមានកិច្ចដំណើរការ ប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង ធានាបាននូវនិរន្តរភាពគ្រប់កាលៈទេសៈ ដើម្បីបំពេញយកកម្មជូនជាតិមាតុភូមិ តាមការកំណត់របស់រដ្ឋធម្មនុញ្ញនិងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋសភាពទើបតែបានអនុម័តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភារបស់កម្ពុជា៕