
BREAKING: ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន០៧ករណី លើអ្នកដំណើរចូលមកកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា។
បុគ្គលទាំង ០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ ៖
១.ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)៖
ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាពលករមកពីប្រទេសថៃ ខេត្តឈុនបូរី មុខរបរ កម្មករសំណង់ (រយៈពេល ០១ឆ្នាំ) ត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ ដោយដាក់ឲ្យនៅដាច់ដោយឡែកតែឯង។
២.ខេត្តឧត្តរមានជ័យ (ចំនួន ០២នាក់)៖
បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិទ្រោម ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ មុខរបរ ជាកម្មករសំណង់ នៅក្រុមហ៊ុនមួយនៅក្រុងថេប (ប្រហែលជា ០៧ខែមកហើយ) ដែលតំបន់នោះ មានអ្នកកើតជំងឺ កូវីដ-១៩ ច្រើនបានចូលមកកម្ពុជា តាមច្រកអូរស្មាច់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរ ជាកម្មករសំណង់ នៅក្រុមហ៊ុននៅក្រុងថេប (ប្រហែលជា ៩ខែមកហើយ) ដែលមាន អ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនបានចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកអូរស្មាច់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
៣.ខេត្តសៀមរាប (ចំនួន ០២នាក់)៖
ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ បានវិលត្រឡប់មកពីប្រទេសថៃ (ឈុនបូរី) តាមច្រកព្រំដែនកម្ពុជា-ថៃ មកដល់កម្ពុជានាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និងស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានទីលំនៅនៅភូមិតាយិក ឃុំស្នូលស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ (នៅទីក្រុងបាងកក) បានវិលត្រឡប់ចូលមកកម្ពុជានៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។
សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
៤.ខេត្តកំពង់ចាម (ចំនួន ០១នាក់) ៖
បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិរលាក ឃុំស្រុក ស្រុកកំពង់សៀម ជាកម្មករសំណង់នៅក្រុងថេប ប្រទេសថៃ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ នៃខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
៥. ខេត្តកំពត (ចំនួន ០១នាក់)៖
ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅនៅក្រុងកំពត ខេត្តកំពត មកពីឈុនបូរី ប្រទេសថៃ ឆ្លងចូលមកកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។
បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១៕