ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការជនពិការកម្ពុជា វិទ្យុសំឡេងជនពិការ អង្គការតំណាងជនពិការវេទិការស្តី្រ និងកុមារ ទាំង៧៥ នៃ២៥រាជធានី-ខេត្ត បានប្រកាសគាំទ្ររដ្ឋសភាដែលបានអនុម័តតាមសំឡេងលើស ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលលើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០។
ក្នុងញាត្តិគាំទ្រចុះថ្ងៃសុក្រ ទី២៩ ខែកក្កដា អង្គការជនពិការកម្ពុជាបានចាត់ទុក វិសោធនកម្មនេះបានឆ្លុះបញ្ចាំងពីការគិតគូរគ្រប់ជ្រុងជ្រោយបំផុតដើម្បី បំពេញបន្ថែមភាពខ្វះចន្លោះបរិបទបច្ចុប្បន្ននៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារនូវស្ថេរភាពនយោបាយ សន្តិភាព ការមិនជាប់គាំងនៃស្ថាប័នជាតិធានានូវប្រក្រតីភាព និងមាននិរន្តរភាព ក្នុងគោលបំណងការពារនូវឧត្តមប្រយោជន៍ជាតិ ប្រជាជន ជាពិសេសជនមានពិការភាព។
រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង១០៥ លើ ១០៦សំឡេង។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕