ភ្នំពេញ៖ អង្គការគាំទ្រកុមារនិងយុវជន បានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០ ដោយថាជារឿងត្រឹមត្រូវនឹងចាំបាច់ដើម្បីធានាដល់ប្រក្រតីភាពនៃដំណើរការរដ្ឋ ការពារនូវស្ថេរភាព សន្តិសុខ ការអភិវឌ្ឍជាតិដែលជាប្រយោជន៍ដល់ពលរដ្ឋទូទៅ។
ក្នុងញត្តិគាំទ្រការចុះថ្ងៃសៅរ៍ ទី៣០ ខែកក្កដា អង្គការគាំទ្រកុមារនិងយុវជនបានលើកឡើងថា៖ «កិច្ចផ្ដួចផ្ដើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០ ក៏ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៩ លើកកន្លងមកបានធ្វើការបំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញនិងបានធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានា បាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសគឺការធានាស្ថេរភាពនយោបាយជាតិក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើននៅលើគ្រប់វិស័យសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជានៅទូទាំង ប្រទេស»។
អង្គការក៏យល់ឃើញផងដែរថាការធ្វើវិសោធនកម្មលើកនេះក៏បានធានានូវគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សផងដែរ។
រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។
សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រម មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕