ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការបានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយថាវិសោធនកម្មនេះបានធានានូវនិរន្តភាពរបស់ស្ថាប័នជាតិនិងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទីសៅរ៍ ទី៣០ ខែកក្កដា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថាក្នុងនាមលោកជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី (មួយ) មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
លោកមើលឃើញថាវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិឱ្យដំណើរការប្រព្រឹត្តទៅដោយរលូននៅគ្រប់កាលៈទេសៈការពារ និង ថែរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលើកឡើងបន្ថែមថា៖ «ការធានាបាននូវភាពមិនជាប់គាំងគ្រប់កាលៈទេសៈសម្រាប់ការបង្កើតរាជរដ្ឋាភិបាល និងការធានាឱ្យរាជរដ្ឋាភិបាលអាចមានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តរភាពដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាហើយចំណុចសំខាន់ទាំងនេះត្រូវតែមានកំណត់ និងត្រូវតែធានាក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ»។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
អ្វីដែលជាកត់សម្គាល់ក្នុងសេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះ គឺបានអនុញ្ញាឱ្យគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាទូលស្នើព្រះមហាក្សត្រចាត់តាំងវរជនមួយរូបជានាយករដ្ឋមន្ត្រី ឱ្យបង្កើតរាជរដ្ឋាភិបាលបានដោយត្រូវឆ្លងកាត់សភា និងនីតិវិធីបន្ថែមសម្រាប់ដំណើរការរដ្ឋបង្កើតរដ្ឋាភិបាលថ្មីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីលាលែងពីតំណែង។
បើតាមរដ្ឋមន្រ្តីយុត្តិធម៌ កើត រិទ្ធ ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនាពេលនេះគឺវាចាំបាច់ក្នុងការធានានូវដំណើរការរបស់ស្ថាប័នរដ្ឋថែរក្សាស្ថិរភាព សន្ដិភាព ក្ដីសុខសាន្តរបស់ប្រជាជន បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ហើយនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបដឹកនាំអាស្រ័យសភាពរបស់កម្ពុជា។
រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទាំងស្រុងធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញកម្ពុជាបន្ទាប់ពីបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។
សមាជិកសភាដែលមានវត្តមានទាំង១០៥នាក់ក្នុងចំណោម១០៦នាក់មកពីគណបក្សប្រជាជនបានបោះឆ្នោតលើកដៃជាឯកច្ឆ័នសម្រេចអនុម័តទាំងស្រុងនៃច្បាប់រដ្ឋធម្មនុញទី១០នេះ។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តរដ្ឋសភានឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីបន្តប្រជុំយល់ព្រមនិងឱ្យកែប្រែ មុននឹងបញ្ជូនទៅអង្គព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕