ភ្នំពេញ៖ គណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់ខ្លួននៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដានេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ។ បើទោះបីជាបញ្ហាសិទ្ធិមនុស្សប្រទេសមីយ៉ាន់ម៉ាមិនបានដាក់បញ្ជូលក្នុងរបៀបវារៈនៃការប្រជុំ តែតំណាងអាយឆាបញ្ជាក់ថាអាយឆាគាំទ្រដល់សេចក្ដីថ្លែងការរបស់អាស៊ានចំពោះបញ្ហាសិទ្ធិមនុស្សមីយ៉ាន់ម៉ា។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីប្រធានអាយឆា លោក កែវ រ៉េមី បានបើកអង្គប្រជុំនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អគ្គនាយករដ្ឋបាលនិងបណ្តឹងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកស្រី អ៊ុច និពន្ធ បានបញ្ជាក់ថា បញ្ហានៃការប្រហារជីវិតសកម្មជនប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាដោយប្រទេសនោះ មិនត្រូវបានលើកយកមកដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះនោះទេ តែអាចមានពិភាក្សាដែរប្រសិនជាករណីនេះត្រូវបានលើកដោយសមាជិកអាយឆាណាមួយ។
លោកស្រីថា៖ «ជាជំហររបស់អាយឆាកម្ពុជាគឺយើងគាំទ្រទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ប៉ុន្ដែដោយឡែកការប្រជុំថ្ងៃនេះគឺយើងមានរបៀបវារៈ៤ចំណុចដែលខ្ញុំបានជម្រាបនៅថ្ងៃនេះ ហើយករណីនេះប្រសិនជាមានការលើកឡើងគឺយើងនឹងអាចពិភាក្សាលើរឿងនេះខ្លះដែរ»។
ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថាសេចក្ដីសម្រេចណាមួយរបស់អាយឆាគឺត្រូវការគោលការណ៍ឯកភាពជាឯកច្ឆ័ន្ទ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ាបានចុះផ្សាយកាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ថាអាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ដែលពុំបានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ពួកគេទាំង៤នាក់មានឈ្មោះ លោក ភ្យូ ហ្សេយ៉ាថរ លោក ក្យរ មីនយូ លោក ឡា មីយូអោង និងលោក អោង ធូរ៉ាហ្ស។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ានកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញធ្វើយ៉ាងណាឱ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការ ជាក់ស្តែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។
ប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានបរិហារនិងសម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានប្រហារជីវិតសកម្មជនប្រឆាំង ៤នាក់កាលពីចុងសប្ដាហ៍មុន ដោយថានេះជាសកម្មភាពមួយដែលមិនអាចអត់ឱនបាន «ធ្ងន់ធ្ងរណាស់» ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែងទៅរកការសន្ដិភាព។
ប្រធានអាស៊ានសម្ដេចតេជោថា៖ «ការអនុវត្ដទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព និងថែមទាំងសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្ដកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺការកសាងភាពជឿជាក់និងទំនុកចិត្ដ ដើម្បីឲ្យធ្វើមានកិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់»៕