ជប៉ុន៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News បានឱ្យដឹងថា រដ្ឋបាលទីក្រុងតូក្យូនៅថ្ងៃសុក្រនេះ បានចាប់ផ្តើមការផ្តល់វ៉ាក់សាំងកូវីដ-១៩ ទៅដល់បុគ្គលិក ក្រុមការងារ និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២១នេះ។
រដ្ឋាភិបាល នឹងប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលផ្តល់ដោយគណៈកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee) ហើយចាប់ផ្តើមផ្តល់វ៉ាក់សាំងនេះទៅកាន់មនុស្សចំនួន ២,៥០០នាក់ក្នុងមួយថ្ងៃ រហូតដល់ចុងខែសីហា ឆ្នាំ២០២១នេះ។
អ្នកស្ម័គ្រចិត្ត និងក្រុមការងារបុគ្គលិកដែលបំពេញតួនាទីនៅភូមិកីឡា និងទីតាំងសម្រាប់ការប្រកួត បូករួមទាំងក្រុមការងារផ្នែកផ្សព្វផ្សាយ និងមន្រ្តីបម្រើការផ្នែកសុខភាព គឺជាបុគ្គលដែលមានសិទ្ធិក្នុងការទទួលបានវ៉ាក់សាំងនេះនៅឯមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងមានទីតាំងស្ថិតនៅអគារធំនៃរដ្ឋបាលរបស់ទីក្រុងតូក្យូ។ បើយោងតាមប្រសាសន៍របស់លោកស្រី Tamayo Marukawa រដ្ឋមន្រ្តីអូឡាំពិកជប៉ុនបានឱ្យដឹងថា អ្នកដែលមានសិទ្ធិទទួលបានវ៉ាក់សាំងក្នុងនាមជាក្រុមការងារនៃព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំនេះនឹងមានចំនួនរហូតដល់ ៤ម៉ីននាក់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានាបានរាយការណ៍ ថាការដាក់ឱ្យស្ថិតក្នុងស្ថានភាពអាសន្នសម្រាប់ការទប់ស្កាត់កូវីដ-១៩ របស់ជប៉ុននៅទីក្រុងតូក្យូនិងតំបន់ជាច្រើនទៀតនឹងត្រូវដកចេញនៅថ្ងៃអាទិត្យនេះ ពោលគឺជាងមួយខែប៉ុណ្ណោះមុនព្រឹត្តិការណ៍អូឡាំពិករដូវក្តៅគ្រោងនឹងចាប់ផ្តើមនៅទីក្រុងតូក្យូនាថ្ងៃទី២៣ ខែកក្កដាខាងមុខ៕