ក្រសួងយុត្តិធម៌បើកឲ្យអ្នកមិនគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ទៅស្ដាប់ការបកស្រាយម្ដងទៀត
ភ្នំពេញ៖ ក្រសួងយុត្តិធម៌នឹងចំណាយពេល ៣ រសៀលដើម្បីបកស្រាយនិងពន្យល់ជាថ្មីម្ដងទៀតទៅកាន់ក្រុមអង្គការសង្គមស៊ីវិលនិងបក្សដែលមិនគាំទ្រទៅនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាលើកទី១០។
ជំនួបនេះនឹងត្រូវធ្វើឡើងនៅទីស្ដីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០នាទីទៅ។
ក្រសួងបញ្ជាក់ថា ការទុករយៈពេលបីថ្ងៃដើម្បីបកស្រាយនេះគឺនឹងធ្វើអាស្រ័យទៅតាមសំណើរ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលទាំងនោះថែមទៀត។
ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលមានបំណងជួបក្រសួងយុត្តិធម៌ តាមការអញ្ជើញនេះ សូមមេត្តាទាក់ទងឱ្យបានមុនថ្ងៃជួបមួយថ្ងៃដើម្បីចុះឈ្មោះ និងកំណត់កាលបរិច្ឆេទជួបតាមរយៈ៖ (១)-លោក ទីវ សូផុណ្ណារតន៍ ០៦១ ៤៩៩ ៩៦៤ ឬ (២)-កញ្ញា ឈួន មរកត ០៧០ ៨៤០ ៥៨៥។
ហើយដើម្បីធានាបានតម្លាភាពនៅក្នុងជំនួបនេះ ក្រសួងយុត្តិធម៌ក៏អញ្ជើញអ្នកសារព័ត៌មានតាមដាន និងយកព័ត៌មានដោយផ្ទាល់ពីជំនួបនេះផងដែរ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ, រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំ ពេញអង្គលើកទី៧ នីតិកាលទី៦ បានសម្រេចអនុម័តតាមសម្លេងលើសពីពីរភាគបីនៃចំនួនសមាជិករដ្ឋសភាទាំងមូលលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សំដៅបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា ជាពិសេសការធានាឱ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូនមិនជាប់គាំង ប្រកបដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។
កន្លងទៅនេះតំណាងរាជរដ្ឋាភិបាលបានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតបដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានាឬការយល់ដឹងនានា ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងដែលមិនមានលក្ខណៈត្រឹមត្រូវ ជុំវិញសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះម្ដងរួចហើយផងដែរ៕