លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កងទ័ពកម្ពុជានិងទ័ពពិសេសហ្វីលីពីនគ្រោងបើកវគ្គហ្វឹកហ្វឺនរួមគ្នា

ភ្នំពេញ៖ កងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា នឹងបើកវគ្គហ្វឹកហ្វឺនរួមគ្នាជាមួយបញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខ។

ប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានបញ្ជាក់ប្រាប់មេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា នៅទីបញ្ជាការកងទ័ពជើងគោកថាការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នានេះអាចធ្វើទៅបាន ក្រោយពីលោកបានបំពេញការងារសិក្សាជាច្រើនថ្ងៃមកជាមួយកងពលតូចលេខ៧០នៃកងទ័ពជើងគោកកម្ពុជា។

លោកក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះគម្រោងនៃការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ ដែលអាចនឹងដំណើរទៅដោយរលូនដោយសារកងពលតូចលេខ៧០ របស់កម្ពុជាមានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបំពាក់សមស្របសម្រាប់ហ្វឹកហ្វឺនលើជំនាញដែលបានឯកភាពគ្នា។

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃការភ្ជាប់ទំនាក់ទំនងរវាងកងពលតូចលេខ៧០ កងទ័ពជើងគោកកម្ពុជាជាមួយនឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានមកដល់ការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។

លោកថា៖ «វឌ្ឍនភាពនៃទំនាក់ទំនងបែបនេះ គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់ទៀតជាលក្ខណៈប្រចាំឆ្នាំផងដែរ»។

គួររំឭកថា វគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ គឺផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគី ដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាកន្លងមកជាមួយឧត្តមសេនីយ៍ឯក Macairog Alberto និងឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងមានចំនួនកើនឡើង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក