ភ្នំពេញ៖ អនុព័ន្ធយោធាថ្មីរបស់សាធារណរដ្ឋកូរ៉េបានចូលជម្រាបសួរនិងណែនាំខ្លួនដល់មេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅអគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក។
អនុព័ន្ធយោធាថ្មីត្រូវបានដឹកនាំដោយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាលោក ផាក ហ៊ឹងខ្យង់ ដោយផ្ទាល់ ក្នុងឱកាសនោះលោករំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។
លោកថា៖ «ផ្តើមចេញមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ យោធា ការបោសម្អាតមីន និងសុខាភិបាល ។ល។»
ចំពោះវិស័យយោធាវិញលោកក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរៀបចំឱ្យមានយន្តការសន្ទនាជាទៀងទាត់ សដៅធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចទំនាក់ទំនង។
មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោក នៃប្រទេសទាំងពីរបានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។
លោកឧត្តមសេនីយ៍ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិតកងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីក កាន់តែប្រសើរឡើងថែមទៀត ជាពិសេស ការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាព ថ្នាក់យុទ្ធវិធី។
កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រោយមកបានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់មួយ ដែលបានជំរុញដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការរវាងសមភាគីទាំងពីរអាចត្រូវបានគេមើលឃើញនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច៕