កណ្ដាល៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា បទពិសោធន៍នៃវិបត្តិដែលកម្ពុជាបានជួបប្រទះកាលពីកន្លងមកកំពុងធ្វើឱ្យប្រទេសនេះកាន់តែរឹងមាំ និងបានប្រែក្លាយវិបត្តិនេះទៅជាឱកាសទាក់ទាញប្រយោជន៍ និងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងទៀតនាថ្ងៃអនាគតផងដែរ។
ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀរមួយកន្លែងនៅក្នុងភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាកម្ពុជាបានបង្ហាញនូវសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួនទាំងមុននិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដែលមុនកូវីដ-១៩ ក្នុងរវាង២០ឆ្នាំ ពីឆ្នាំ១៩៩៨-២០១៨ កម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម៨%។
លោកបានបន្ថែមថា ក្នុងអំឡុងពេលនេះនៃជំងឺកូវីដ-១៩ កម្ពុជាក៏ដូចជាប្រទេសដទៃទទួលផលប៉ះពាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដូចគ្នា តែក្រោយពីមួយឆ្នាំសេដ្ឋកិច្ចកម្ពុជាបានហក់ឡើង និងរំពឹងថានឹងមានកំណើន៥% នៅឆ្នាំ២០២២នេះ។
លោកថា៖ «ការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យលើការគ្រប់គ្រងការឆ្លង ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។ […] ឆ្លងតាមបទពិសោធន៍ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ដោយឈរលើសសរស្តម្ភចំនួន៣ ដែលរួមមាន ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ការកែទម្រង់ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្ម និងភាពប្រកួតប្រជែង និងពង្រឹងភាពធន់ប្រកបដោយចីរភាពនិងចម្រុះ។
លោកក៏បានជំរុញការចូលរួមរបស់វិស័យឯកជនចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ភាពសម្បូរបែបនៃសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះវិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមផ្សេងៗផងដែរ៕