មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថាកម្ពុជាបានរៀបចំរួចរាល់ដើម្បីឆ្លើយតបនូវវិបត្តិនាពេលខាងមុខ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចលោក ផាន់ ផល្លា បានថ្លែងថាក្នុងយុទ្ធសាស្ត្រស្ដារឡើងវិញពីជំងឺកូវីដ-១៩ កម្ពុជាបានដាក់ចេញនូវគោលដៅ៣សំខាន់គឺ ការស្ដារឡើងវិញ ការកែទម្រង់ និងការពង្រឹងភាពធន់ដើម្បីធានានូវភាពរឹងមាំរបស់កម្ពុជាទៅក្នុងវិបត្តិផ្សេងនៅពេលអនាគតបន្ថែមទៀត។
ថ្លែងក្នុងពិធីសម្ពោធ និងផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា នេះនៅសណ្ឋាគារសូហ្វីថែល លោក ផាន់ ផល្លា បានលើកឡើងថាវិបត្តិកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបនូវកំណើនធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំ២០២០ ដែលបានប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ច និងសង្គម។ ឆ្លងកាត់តាមបទពិសោធន៍នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តស្ដារឡើងវិញដើម្បីធានាពីភាពធន់នៃសេដ្ឋកិច្ចក្នុង និងពេលក្រោយនៃជំងឺកូវីដ-១៩ ជាពិសេសគឺធានាថាកម្ពុជានឹងរក្សាបានភាពនឹងនរឆ្លើយតបនឹងវិបត្តិនាពេលខាងមុខបន្ថែមទៀត។
លោកថា៖ «អញ្ចឹងវិបត្តិនឹងមានទៀត។ អ្វីដែលសំខាន់គឺមិនមែនតែងើបឈរឡើងវិញក្នុងរយៈពេលខ្លីទេ តែយើងអាចងើបហើយឈរបានក្នុងរយៈពេលវែង»។
ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាមានកំណើនថយចុះប្រមាណ៣ភាគរយ ខណៈក្នុងឆ្នាំ២០២១មានកំណើនកើនឡើងប្រមាណ៣ភាគរយ និងឆ្នាំ២០២២ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៥,៤ភាគរយ។ កំណើននេះបានបញ្ជាក់ពីភាពត្រឹមត្រូវនៃយុទ្ធនាការប្រឆាំងកូវីដ-១៩របស់រាជរដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំង បង្កើតភាពស៊ាំសហគមន៍ បើកសង្គមសេដ្ឋកិច្ចឡើងវិញ និងការអនុវត្តន៍កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមលោក ចន ណារិទ្ធ បានបញ្ជាក់ថា ការអនុវត្តន៍កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះគឺមិនត្រឹមតែជួយដល់ក្រុមជនងាយរងគ្រោះទាំងនោះទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចផងដែរ។
លោកថា៖ «ការឧបត្ថម្ភសាច់ប្រាក់នេះ១គឺដើម្បីជួយគ្រួសារហើយ ប៉ុន្ដែគ្រួសារដែលគាត់បានថវិកាមកគឺគាត់មិនមែនយកទៅទុកឯណាគាត់កំពុងមានតម្រូវការក្នុងការចំណាយក្នុងសេដ្ឋកិច្ច។ សូមជម្រាបជូនថា១ខែ៣០លានដុល្លារគឺជាទំហំទឹកប្រាក់មួយដ៏ធំក្នុងប្រវត្តិសាស្ត្រកម្ពុជាយើងផង ហើយសាច់ប្រាក់នេះត្រូវបានជះក្នុងសេដ្ឋកិច្ចដែលបងប្អូនយើងគាត់យកទៅចំណាយនៅក្នុងសេដ្ឋកិច្ចតាមមូលដ្ឋានដែលការចំណាយរបស់គាត់នេះវាជំរុញយន្តការសេដ្ឋកិច្ចឱ្យដើរ។ ហើយដើរមិនមែនដុំៗ មិនមែនទីប្រជុំជនទៀតគឺនៅទូទាំងប្រទេស»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ដំណើរការនូវ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឹកូវីដ-១៩។
លេខាទីមួយនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Benita Chudleigh បានលើកឡើងថាកម្មវិធីនេះមិនត្រឹមតែបានជួយការពារដល់ជនងាយរងគ្រោះប៉ុណ្ណោះទេតែថែមទាំងបានបង្កើតនូវភស្ភុតាង និងការសិក្សាដើម្បីបង្កើនប្រសិទ្ធភាពនៃការគាំពារសង្គមផងដែរ។
នាយិការងកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Sonali Dayarantne បានថ្លែងថា UNDP នឹងបន្តគាំទ្រនូវយន្តការបែបនេះបន្តទៀត។ លោកស្រីបន្ថែមថាក្នុងរយៈពេល២៥ខែនេះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះបានជួយដល់ពលរដ្ឋជាច្រើន បានធានាដល់យន្តការការពារពីជំងឺកូវីដ-១៩ និងបានចូលរួមក្នុងការរក្សាភាពធន់របស់សហគមន៍កាត់បន្ថយភាពក្រីក្រផងដែរ។
គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ រដ្ឋាភិបាលបានបើកផ្ដល់ថវិកាជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ អស់ជាង ៧៤៤លានដុល្លារអាមេរិក ដែលមានគ្រួសារដែលទទួលផលជិត ៧០ម៉ឺនគ្រួសារ និងមនុស្សទទួលបានជិត ៣លាននាក់៕