ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងដល់វិនិយោគិនសឹង្ហបុរីមានតម្លៃជាង ១,៥ពាន់លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១២៧ គម្រោងដល់វិនិយោគិនសឹង្ហបុរីត្រឹមខែមិថុនា ឆ្នាំ២០២២ ដែលគិតជាតម្លៃមានជាង ១,៥៣ពាន់លានដុល្លារអាមេរិក។

ថ្លែងក្នុងសិក្ខាសាលាស្វែងយល់ពីកម្ពុជា នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែកក្កដានេះឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជាលោកស្រី តែវ ឡាយឆេង បានថ្លែងឲ្យដឹងថាសិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានារួមមាន អចលនទ្រព្យ ថាមពល ពាណិជ្ជកម្មនិងចែកចាយ ម្ហូបអាហារ/អ្នកប្រើប្រាស់ ការអប់រំនិងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើងក្នុងមួយសប្តាហ៍។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី លោក សុខ ខឿន បានលើកឡើងពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣ កម្ពុជាដែលមានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្ពុជាក្នុងឆាកតំបន់ និងអន្តរជាតិ ដោយថាមន្ត្រីការទូតកម្ពុជាបាននិងបំពេញការងារ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចនេះ ធ្វើយ៉ាងណាទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ឯកអគ្គរដ្ឋទូតរូបនេះបានបន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី កម្ពុជាបានងើបចេញពីជំងឺកូវីដ-១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរីដែលបានជ្រើសយកកម្ពុជាក្នុងការបណ្ដាក់ទុននាពេលកន្លងមក។ លោកបានបន្ថែមថា បរិស្ថានវិនិយោគនៅកម្ពុជាដែលមានភាពអំណោយផល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីទាញយកប្រយោជន៍ក្នុងវិស័យកសិ-ចំណីអាហារ សេវាកម្ម និងកម្មន្តសាល។

លោកក៏បានអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើនថែមទៀតពីវិនិយោគិនសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរីដែលបានអនុម័តដោយ ក.អ.ក. និងកំពុងមានប្រតិបត្តិការមានចំនួន១២៧ គម្រោងក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណ ១,៥៣ ប៊ីលានដុល្លារអាមេរិក៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក